ជារឿយៗ កាសស្តាប់ឥតខ្សែតែងតែជ្រុះ នៅពេលដែលមនុស្សចេញចូលរថភ្លើង ឬ ឈររង់ចាំរថភ្លើង។ AirPods ឬកាសស្តាប់ឥតខ្សែផ្សេងទៀត ដែលជ្រុះចូលទៅក្នុងផ្លូវរថភ្លើង គឺជារឿងរំខានមួយសម្រាប់ក្រុមហ៊ុនផ្លូវដែក ក៏ដូចជា ការខាតបង់សម្រាប់ម្ចាស់របស់ផងដែរ។
ប៉ុន្តែឥឡូវនេះ គេមានដំណោះស្រាយមួយ ដោយបង្កើតឧបករណ៍បូម AirPods និង កាសស្តាប់ឥតខ្សែផ្សេងទៀត។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជាទូទៅ គេប្រើឧបករណ៍ចាប់ដើម្បីប្រមូលរបស់របរដែលធ្លាក់ចូលទៅលើផ្លូវដែក។ ប៉ុន្តែវាពិបាកណាស់ក្នុងការប្រមូលយកកាសឥតខ្សែ ព្រោះវាតែងតែជាប់នៅក្រោមថ្ម។
ឥឡូវនេះក្រុមហ៊ុន JR East បានចាប់ផ្តើមគម្រោងមួយជាមួយ ក្រុមហ៊ុន Panasonic Corp. ដោយបង្កើតឧបករណ៍ស្រូបយកកាសឥតខ្សែតែម្តង។ ស្ថិតនៅក្រោមការធ្វើតេស្តនៅស្ថានីយរថភ្លើង Ikebukuro Station បង្ហាញថា ឧបករណ៍នេះអាចប្រមូលយកកាសឥតខ្សែបានរហ័សជាងឧបករណ៍ចាប់ពីមុន។
គួរឲ្យដឹងថា បញ្ហាមួយនេះមិនមែនកើតឡើងតែនៅជប៉ុនទេ សូម្បីតែនៅសហរដ្ឋអាមេរិកក៏ដូច្នោះដែរ។ អ្នកដំណើររថភ្លើងជាច្រើនតែងតែជ្រុះបាត់ AirPods រហូតដល់ខាងស្ថានីយប្រកាសព្រមានដល់អ្នកដំណើរទាំងអស់ កុំឲ្យដោះកាសឥតខ្សែរបស់ខ្លួនពេលចេញចូលរថភ្លើង៕