ក្រុមហ៊ុន Jaguar Land Rover រំពឹងថានឹងទទួលរងការពិន័យ ៩០ លានផោន ឬប្រហែល ១១៧ លានដុល្លារនៅអ៊ឺរ៉ុប ចំពោះការខកខានមិនបានបំពេញតាមគោលដៅកាត់បន្ថយការបំភាយឧស្ម័ន CO2 នៅឆ្នាំនេះ។
ក្រុមហ៊ុនផលិតរថយន្ដអង់គ្លេសនេះនិយាយថា រឿងនេះនឹងកើតឡើងដោយសារតែការពន្យាពេលចេញរថយន្ត Plug-in Hybrid ស៊េរីថ្មីរបស់ខ្លួន ដែលបញ្ចេញឧស្ម័នកាបូនិចតិចជាងប្រភេទប្រើប្រេងម៉ាស៊ូត ឬប្រេងសាំង។ នេះបើតាមរបាយការណ៍របស់ Autonews Europe ។
លោក Adrian Mardell ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Jaguar Land Rover បានមានប្រសាសន៍ថា “យើងមិនសប្បាយចិត្តទេ ដែលយើងនឹងមិនគោរពតាមនៅក្នុងឆ្នាំ ២០២០ ប៉ុន្តែអ្វីៗជាច្រើនត្រូវបានរបូតចេញពីដៃរបស់យើង”។
ទោះជាយ៉ាងណាក៏ដោយ លោក Mardell រំពឹងថា Jaguar Land Rover នឹងឈានដល់គោលដៅកាត់បន្ថយឧស្ម័នកាបូនិចក្នុងត្រីមាសទី៤។
ក្រុមហ៊ុន Jaguar Land Rover ក៏បានឲ្យដឹងដែរថា ចំនួនលក់នៃរថយន្ត Plug-in Hybrid និង រថយន្តអគ្គិសនីរួមគ្នា នឹងមានប្រហែល ១១% ទៅ ១២% នៃចំនួនលក់សរុបនៅអឺរ៉ុប និងអង់គ្លេស សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ២០២០ នេះ៕