ក្រុមហ៊ុន Amazon បានប្រាប់បុគ្គលិកនៅអាមេរិករបស់ខ្លួនមិនឱ្យត្រលប់មកធ្វើការនៅការិយាល័យវិញទេ រហូតដល់ឆ្នាំក្រោយដោយសារតែជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល។
ក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធឺណិតនេះ ពីមុនមកធ្លាប់បានសុំឱ្យបុគ្គលិកធ្វើការពីផ្ទះ រហូតដល់ថ្ងៃទី ៧ ខែកញ្ញា ប៉ុន្តែឥឡូវនេះនឹងពន្យារពេលនេះរហូតដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ តែម្តង។
ការប្រកាសនេះបានកើតឡើងនៅពេលដែលការឆ្លងមេរោគកូវីដ១៩ ថ្មីកើនឡើងនៅទូទាំងអាមេរិក ដោយមានករណីប្រចាំថ្ងៃកើនឡើងខ្លាំង។
ក្រុមហ៊ុន Amazon បានឲ្យដឹងថា “ស្របពេលដែលយើងបន្តឃ្លាំមើលយ៉ាងដិតដល់នូវលក្ខខណ្ឌក្នុងស្រុក ទាក់ទងនឹងកូវីដ១៩ យើងក៏កំពុងកែសម្រួលការណែនាំរបស់យើងចំពោះបុគ្គលិកផងដែរ”។
ទោះបីជាយ៉ាងណាក៏ដោយ គោលនយោបាយរបស់ក្រុមហ៊ុន Amazon នឹងអនុវត្តចំពោះតែបុគ្គលិកសាជីវកម្ម និងបច្ចេកវិទ្យាប៉ុណ្ណោះ មិនមែនកម្មករធ្វើការនៅឃ្លាំង និងបុគ្គលិកដឹកជញ្ជូននោះទេ៕