ក្រុមហ៊ុនលក់រាយមួយរបស់អាមេរិក មានឈ្មោះថា Costco កំពុងដាក់លក់ឧបករណ៍ធ្វើតេស្តរកកូវីដ១៩ ដែលអ្នកអាចប្រើនៅផ្ទះបាន ដោយគ្មានការព្រួយបារម្ភពីអ្នកដទៃដឹងពីលទ្ធផលរបស់អ្នកយ៉ាងណាឡើយ។
អ្វីដែលពិសេស ឧបករណ៍នោះអាចតេស្តរកជំងឺកូវីដ១៩ តាមរយៈទឹកមាត់ ជំនួយឲ្យការប្រើប្រាស់សំណាកពីក្នុច្រមុះ។ ឧបករណ៍ COVID-19 Saliva PCR Test Kit នេះត្រូវបានដាក់លក់ក្នុងតម្លៃ ១៣០ដុល្លារ នៅលើគេហទំព័រ Costco.com។
យោងតាមក្រុមហ៊ុន Costco បានឲ្យដឹងថា ឧបករណ៍នេះគឺអាចផ្តល់ការឆ្លើយតបវិជ្ជាមានត្រឹមត្រូវរហូតដល់ទៅ ៩៨% និង អវិជ្ជមានត្រឹមត្រូវបាន ៩៩% ឯណោះ។
ដើម្បីធ្វើតេស្ត អ្នកប្រើប្រាស់គ្រាន់តែយកសំណាកទឹកមាត់ តាមរយៈការស្ដោះចូលទៅក្នុងបំពង់មួយ។ បន្ទាប់មក គេនឹងយកបំពង់នោះទៅធ្វើតេស្ត។ យោងតាម Costco បានឲ្យដឹងថា លទ្ធផលធ្វើតេស្តនឹងត្រូវបង្ហាញនៅលើអនឡាន ឬ App មួយ ក្នុងរយៈពេលពី ២៤ ទៅ ៤៨ម៉ោង៕