កាលពីពេលថ្មីៗនេះមានការលើកឡើងថា នាឡិការដៃ Apple Watch Series 7 នឹងធ្វើការអភិវឌ្ឍន៌ចំណុចពិសេសចំនួន ២ធំៗ។ ការផ្លាស់ប្តូរសំខាន់ដំបូងនោះគឺការរចនាថ្មីសន្លាងទាំងស្រុង។ កាលពីឆ្នាំមុនអ្នកវិភាគ Apple លោក Ming-Chi Kuo បាននិយាយថានាឡិកាដៃ Apple Watch ឆ្នាំ ២០២១ នឹងត្រូវបានរចនារូបរាងឡើងវិញ។ ឥឡូវនេះ ស្រាប់តែមានការបែកធ្លាយពីលោក Jon Prosser ដែលបានបញ្ចេញរូបភាពពីការរចនាម៉ូដថ្ មីដោយផ្អែកលើរូបភាពគំនូរទំនើប លេចធ្លាយពីឯកសារ Renders របស់កម្មវិធី CAD ពីប្រភពខ្សែសង្វាក់ផ្គត់ផ្គង់អោយក្រុមហ៊ុន។ ការរចនាថ្មីនេះមានលក្ខណៈពិសេសជាច្រើនដែលនាំឱ្យ Apple Watch មានភាពស៊ីគ្នាជាមួយនឹងការរចនាថ្មីរបស់ Apple ដែលមាននៅលើ iPad Pro, iPad Air, iPhone 12 និង iMac។ លោក Prosser រំពឹងថាជម្រើសទំហំរក្សានៅដដែល ប៉ុន្តែអាចមានជម្រើសពណ៌បៃតងថ្មី។
ចំណុចទី២នៃការធ្វើឱ្យប្រសើរឡើងនោះ គឺជាការបន្ថែមបច្ចេកវិទ្យាត្រួតពិនិត្យជាតិគ្លុយកូសក្នុងឈាមជាលើកដំបូង ហើយវាជាអ្វីដែលអាចជារបកគំហើញថ្មីមួយសម្រាប់ការគ្រប់គ្រងស្ថានភាពដូចជាជំងឺទឹកនោមផ្អែមអោយមានភាពងាយស្រួល។ យោងតាមគេហទំព័រ ETNews បានអោយដឹងថា Apple Watch Series 7 នឹងមានបច្ចេកវិទ្យាត្រួតពិនិត្យជាតិគ្លុយកូសក្នុងឈាមតាមរយៈឧបករណ៍ចាប់សញ្ញាអុបទិក ដែលមិនប៉ះពាល់ដល់សុខភាព។
ការវាស់កំរិតជាតិគ្លុយកូសនៅក្នុងឈាម ដែលត្រូវបានគេស្គាល់ថាជាកម្រិតជាតិស្ករក្នុងឈាម ពិតជាមានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រងស្ថានភាពដូចជាជំងឺទឹកនោមផ្អែម។ ជាធម្មតាការវាស់ជាតិគ្លុយកូសក្នុងឈាម តម្រូវឱ្យធ្វើតេស្តតំណក់ឈាមក្នុងប្រដាប់វាស់ជាតិស្ករក្នុងឈាម ឬប្រើម៉ាស៊ីនបង្ហាញជាតិគ្លុយកូសបន្តផ្ទាល់ (CGM) ។
ឧបករណ៏អុបទិកគ្លុយកូសដែលផលិតដោយក្រុមហ៊ុន Apple ត្រូវបានគេជឿជាក់ថាជាដំណោះស្រាយតាមដានបន្តលើស្បែកដែលមិនត្រូវការចាក់ទៅលើសាច់។ក្រុមហ៊ុននេះត្រូវបានគេនិយាយថា បានទទួលប៉ាតង់ជុំវិញការត្រួតពិនិត្យគ្លុយកូសក្នុងឈាម ឥឡូវនេះវាត្រូវបានគេអះអាងថា “ផ្តោតលើការធានាភាពជឿជាក់ និងស្ថេរភាពមុនពេលធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា”។ នាឡិការដៃ Apple Watch Series 7 ត្រូវបានគេរំពឹងថានឹងចេញលក់នៅចុងឆ្នាំនេះ ហើយក៏មានការកែសម្រួលអោយល្អជាងមុនទៅលើមុខងារតាមដានការសមត្ថភាពហែលទឹកផងដែរ។ ខណៈរបាយការណ៍ស្តីពីអេក្រង់ micro-LED និងប៉ូតុងចុច Solid-State ដែលមានការចុចឆ្លើយតបបានល្អ មិនទាន់មានការអះអាងណាមួយបញ្ជាក់ថានឹងមានសម្រាប់ឆ្នាំនេះឡើយ។