ក្រុមហ៊ុនដឹកជញ្ជូន Hanoi Transportation Corporation (Transerco) បានស្នើឲ្យមានរថយន្តក្រុងចំនួន ១៥ ទៅ ២០ ភាគរយ នៃរថយន្តក្រុងដែលកំពុងប្រតិបត្តិការនៅក្នុងទីក្រុង ដំណើរការដោយថាមពលអគ្គិសនីសុទ្ធនៅឆ្នាំ ២០២៥។
សំណើដែលមានគោលដៅកាត់បន្ថយការបំភាយឧស្ម័នពុល និងការបំពុលបរិយាកាសនៅក្នុងទីក្រុងនោះ រំពឹងថានឹងមានរថយន្តក្រុងប្រើអគ្គិសនីចំនួន ២៥ ភាគរយ នៅទីក្រុងហាណូយ នៅត្រឹមឆ្នាំ ២០៣០ ។
ផែនការនេះគឺដើម្បីបើកផ្លូវរថយន្ដក្រុងថ្មីចំនួន ៩០-១០០ ខ្សែទៀត ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលក្នុងនោះផ្លូវចំនួន ១០ ខ្សែ នឹងបម្រើដល់និស្សិត និងកម្មករ។ ដូច្នេះទីក្រុងហាណូយនឹងមានផ្លូវសម្រាប់រថយន្តក្រុង រហូតដល់ ២៣០ ខ្សែនៅត្រឹមឆ្នាំ ២០២៥ ។
សំណើនេះប៉ាន់ប្រមាណថា ការជួយពីរដ្ឋាភិបាលក្នុងអំឡុងចន្លោះពីឆ្នាំ ២០២០ ដល់ ២០២៥ នឹងមានចំនួនចន្លោះពី ១០៨ ទៅ ១៣០ លានដុល្លារក្នុងមួយឆ្នាំ។
គួរឲ្យដឹងថា ទីក្រុងហាណូយបច្ចុប្បន្នមានផ្លូវរថយន្តក្រុងធម្មតាចំនួន ១២៦ខ្សែ និងផ្លូវចំនួន ៧ ខ្សែផ្សេងទៀតសម្រាប់រថយន្តក្រុងដែលប្រើឧស្ម័នធម្មជាតិ CNG៕