នាពេលថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែបានប្រកាសចេញត្រកូល iPhone 12 ថ្មី ដោយក្នុងនោះមានចំនួន ៤ ម៉ូដែល គឺ iPhone 12 Mini, iPhone 12, iPhone 12 Pro និង iPhone 12 Pro Max។ ពួកវាទទួលបានការអាប់ដេតលើ បន្ទះឈីប, កាមេរ៉ាប្រសើរជាងមុន និងការឌីហ្សាញថ្មីផងដែរ។ ប៉ុន្តែមុខងារដែលគេចាប់អារម្មណ៍បំផុតមួយ គឺ បច្ចេកវិទ្យា 5G ដែលទើបតែមានបំពាក់លើត្រកូល iPhone ជាលើកដំបូងបង្អស់។
CEO ក្រុមហ៊ុន Apple លោក Tim Cook បានឲ្យដឹងថា អត្ថប្រយោជន៍ 5G នៅលើត្រកូល iPhone 12 គឺ ជួយដល់ដំណើរការគ្រប់យ៉ាង ដែលប្រើប្រាស់អ៊ីនធឺណិត ទាំងការមើលវីដេអូ ដល់ ឯកជនភាពរបស់អ្នកប្រើ។
ទោះជាយ៉ាងណាក៏ដោយ 5G មិនមែនជាមូលហេតុសំខាន់ដែលអ្នកត្រូវទិញ iPhone 12 មកប្រើឡើយ ដោយសារតែប្រព័ន្ធ 5G នៅមិនទាន់ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ឲ្យបានទូលំទូលាយនៅឡើយទេ។
ដោយឡែក អ្វីដែលអ្នកគួរសម្លឹងមើល គឺ ត្រកូល iPhone 12 ទាំង ៤ ម៉ូដែល មានបំពាក់កញ្ចក់ថ្មីដែលអាចការពារល្អជាងមុន ៤ដង, បន្ទះឈីប A14 Bionic ដែលមានដំណើរការលឿនជាងមុន, កាមេរ៉ាដែលមានសមត្ថភាពខ្លាំងជាងមុន ហើយក៏ប្រសើរជាងមុនសម្រាប់ការថតនៅទីងងឹត។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀត មានដូចជា ការបន្ថែមសេនស័រ LiDAR ដែលជួយឲ្យ Autofocus ដំណើរការបានលឿនជាងមុននៅទីងងឹត ព្រមទាំងបច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែ MagSafe។
គួរឲ្យដឹងថា iPhone ថ្មីទាំង ៤ ម៉ូដែលនោះមាន ដូចជា iPhone 12 Mini តម្លៃចាប់ពី ៦៩៩ដុល្លារ, iPhone 12 តម្លៃចាប់ពី ៧៩៩ដុល្លារ, iPhone 12 Pro តម្លៃចាប់ពី ៩៩៩ដុល្លារ និង iPhone 12 Pro Max តម្លៃចាប់ពី ១ ០៩៩ដុល្លារ៕