Fei-Fei Li ដែលត្រូវបានគេដាក់រហស្សនាមថាជា “Godmother of AI” គឺជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Stanford និងជាស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាថ្មី World Labs ដែលមានតម្លៃជាង ១ ពាន់លានដុល្លារអាមេរិក។ ដំណើរជីវិតរបស់នាងគឺពោរពេញទៅដោយការតស៊ូ និងជាឧទាហរណ៍នៃការតាំងចិត្ត ពីអ្នកធ្វើការងារសាមញ្ញ រហូតក្លាយជាកំពូលអ្នកដឹកនាំបច្ចេកវិទ្យាពិភពលោក។
Fei-Fei Li កើតនៅទីក្រុងប៉េកាំង ប្រទេសចិន ដោយបានធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកជាមួយឪពុកម្តាយកាលពីអាយុ ១៥ឆ្នាំ។ គ្រួសារនាងបានជួបប្រទះការលំបាកផ្នែកហរិញ្ញវត្ថុយ៉ាងខ្លាំង ដូច្នេះដើម្បីផ្គត់ផ្គង់ជីវភាពក៏បានសម្រេចចិត្តបើកហាង បោកអ៊ុតតូចមួយនៅរដ្ឋ New Jersey។ Li បានចំណាយពេល ៧ឆ្នាំ ក្នុងការជួយដំណើរការហាងមួយនេះ ដោយការងារប្រចាំថ្ងៃគ្រប់សព្វគឺនាងជាអ្នកគ្រប់គ្រង។

ទោះបីជាមានបន្ទុកគ្រួសារក៏ដោយ Fei-Fei Li មិនបោះបង់ការសិក្សានោះទេ។ ស្របពេលដែលជួយអាជីវកម្មគ្រួសារ នាងបានចូលរៀននៅសាកលវិទ្យាល័យ Princeton និងបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Caltech។ សមិទ្ធផលល្បីល្បាញបំផុតរបស់ Li គឺការបង្កើត ImageNet ដែលជាទិន្នន័យរូបភាពដ៏ធំសម្បើមមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលប្រព័ន្ធ AI ឲ្យមើលឃើញ និងយល់ដឹងពីពិភពលោកជាក់ស្តែង។
បច្ចុប្បន្ន Fei-Fei Li កំពុងដឹកនាំការស្រាវជ្រាវទៅរកដំណាក់កាលបន្ទាប់នៃ AI គឺ ភាពវៃឆ្លាតផ្នែកលំហ (Spatial Intelligence) តាមរយៈក្រុមហ៊ុន World Labs ដែលទើបតែបង្កើតឡើង។ ក្រុមហ៊ុននេះមានគោលដៅបង្កើត World Models ដែលជាប្រព័ន្ធ AI កម្រិតខ្ពស់ដែលអាចយល់ដឹងពីបរិស្ថានជុំវិញ វែកញែកអំពីស្ថានភាពស្មុគស្មាញ និងធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានជាក់ស្តែង។ ជាពិសេសគឺ ភាពវៃឆ្លាតផ្អែកលើភាសា មានសមត្ថភាពយល់ដឹងដូចមនុស្សកាន់តែខ្លាំង។

Fei-Fei Li និង World Labs សព្វថ្ងៃកំពុងទទួលបានការចាប់អារម្មណ៍ច្រើន ព្រោះនៅក្នុងពេលមួយឆ្នាំ ក្រុមហ៊ុននេះ វិវឌ្ឍន៍ខ្លួនទៅជាក្រុមហ៊ុនមានឥទ្ធិពលមួយក្នុងវិស័យ AI។ ការចាប់ផ្តើមអាជីវកម្មទៅលើវិស័យ AI របស់ Fei-Fei Li គឺកើតចេញពីការគ្រប់គ្រងអាជីវកម្មគ្រួសារ ដែលតម្រូវឲ្យនាងដោះស្រាយបញ្ហាស្មុគស្មាញ គ្រប់គ្រងការងារប្រចាំថ្ងៃ ដែលជាកត្តាជំរុញឲ្យនាងចាប់យកអាជីពជាអ្នកស្រាវជ្រាវ ជាមួយនឹងភាពបត់បែន និងការតស៊ូ ដែលនាងបានរៀនសូត្រកន្លងមក។




