យោងតាមការចុះផ្សាយរបស់ TrendForce បានបង្ហាញឲដឹងថា ការផលិតស្មាតហ្វូនរបស់ពិភពលោកសម្រាប់ត្រីមាសទី 2 នៃឆ្នាំ 2025 នេះ គឺបានឡើងដល់ចំនួន 300លានគ្រឿង ឯណ្ណោះ ដែលនេះគឺជាការកើនឡើង 4% បើប្រៀបធៀបនឹងត្រីមាសទី១ និងកើនឡើង 4.8% បើប្រៀបធៀបនឹងត្រីមាសទី 2 កាលពីឆ្នាំមុន។
ចំពោះកត្តាចម្បងដែលជួយជំរុញឲមាននូវការកើនឡើងនេះ គឺជាការអនុវត្តកម្មវិធីឧបត្ថម្ភរបស់រដ្ឋាភិបាលចិនសម្រាប់ស្មាតហ្វូនកម្រិតមធ្យម និងកម្រិតទាបរបស់ខ្លួន ដែលធ្វើម៉ាកស្មាតហ្វូនចិនមានការកើនឡើងជាខ្លាំងនៅលើទីផ្សារពិភពលោក។
ក្នុងនោះ ក្រុមហ៊ុន Xiaomi គឺទទួលបានចំណាត់ថ្នាក់ទី 3 មានចំនួនផលិត 42 លានគ្រឿង (រួមបញ្ចូលទាំងម៉ូដែល Redmi និង Poco-branded) ចំណែកក្រុមហ៊ុន Oppo វិញ (រួមបញ្ចូលទាំងម៉ូដែល OnePlus និង Realme) មានការកើនឡើង 35% ពីត្រីមាសទី ១ ដល់ចំនួន 37 លានគ្រឿង។ ជាមួយគ្នានេះ សម្រាប់ក្រុមហ៊ុន Transsion (រួមបញ្ចូលទាំងម៉ូដែល Tecno, Infinix, itel) និងក្រុមហ៊ុន vivo (រួមបញ្ចូលទាំងម៉ូដែល iQOO) ទៀតសោត ក៏មានការកើនឡើង 33% និង 8% ដល់ចំនួន 27 លានគ្រឿង និង 26 លានគ្រឿងផងដែរ។
ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាមានការធ្លាក់ចុះបន្តិចក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុន Samsung ក៏នៅតែបន្តកាន់កាប់ចំណាត់ថ្នាក់លេខ ១ ដដែលផងដែរ ពោលគឺមានការផលិតដល់ទៅ 58 លានគ្រឿង ឯណ្ណោះ (ធ្លាក់ចុះ 5% ពីត្រីមាសមុន) ចំណែក Apple វិញ ឈរនូវចំណាត់ថ្នាក់លេខ ២ មានការផលិត 46 លានគ្រឿង ធ្លាក់ចុះ 9% ពីត្រីមាសមុន ប៉ុន្តែមានការកើន 4% បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ដោយសារតម្រូវការខ្លាំងលើ iPhone 16e និងការកាត់តម្លៃយ៉ាងច្រើននៅក្នុងប្រទេសចិន។
សរុបមក ក្រុមហ៊ុនផលិតស្មាតហ្វូនកំពូល 6 ក្រុមហ៊ុនទាំងនេះ បានកាន់កាប់ទីផ្សារជិត 80% នៃការផលិតស្មាតហ្វូនទូទាំងពិភពលោក ក្នុងត្រីមាសទី 2 ឆ្នាំ 2025 ៕