អ្នកមានបំផុតទាំង ៦ នៅប្រទេសវៀតណាម បានមើលឃើញការកើនឡើងទ្វេដងនៃទ្រព្យសម្បត្តិសុទ្ធនៅឆ្នាំនេះស្របពេលការងើបឡើងវិញនៃទីផ្សារភាគហ៊ុន ពីការធ្លាក់ចុះបន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។
យោងតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា អ្នកមានបំផុតទាំង ៦ នាក់នោះ មានទ្រព្យសម្បត្តិសរុប ១៦,៧ ពាន់លានដុល្លារនៅឆ្នាំនេះ។ ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីចំនួន ៤ រូប ដែលបានជាប់ឈ្មោះ នៅលើបញ្ជីឈ្មោះអ្នកមានបំផុតលើពិភពលោករបស់ Forbes កាលពីឆ្នាំមុន បានកើនឡើង ២៣ ភាគរយ ដល់ ១៣,៣ ពាន់លានដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ លោក Pham Nhat Vuong ប្រធានក្រុមហ៊ុនឯកជនធំបំផុត Vingroup នៅតែជាអ្នកមានបំផុតនៅក្នុងប្រទេសវៀតណាម ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ៧,៣ ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៩ ឆ្នាំ បន្ទាប់ពីលោកបានជាប់ឈ្មោះលើបញ្ជីរបស់ Forbes (ចាប់ពីឆ្នាំ ២០១៣) មក។ នេះគឺជាការកើនឡើង ៣០ ភាគរយធៀបនឹងឆ្នាំមុន។
គួរឲ្យដឹងដែរថា Vingroup បានមើលឃើញថា ប្រាក់ចំណូលពីផ្នែកបដិសណ្ឋារកិច្ច ទេសចរណ៍ និងការកម្សាន្ត បានធ្លាក់ចុះពាក់កណ្តាល នៅឆ្នាំ ២០១៩ ដោយសារវិធានការទប់ស្កាត់កូវីដ១៩ រួមមាន ការរក្សាគម្លាតពីសង្គម ជំនួញ និងការហោះហើរ ផងដែរ។
ទោះជាយ៉ាងណា ក្រុមហ៊ុននេះនៅតែឃើញតួលេខរឹងមាំនៅក្នុងអាជីវកម្មអចលនៈទ្រព្យ ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ក្រុមហ៊ុន Vinhomes ដោយមើលឃើញប្រាក់ចំណូលកើនឡើង ៣៧ ភាគរយ ដល់ ៧០,៨ ទ្រីលានដុង (៣,០៦ លានដុល្លារ)៕