នៅក្នុងសក្ខីកម្មអំពីការកាត់ក្ដីប្រឆាំងការទុកចិត្ត (antitrust trial) ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ទី 30 ខែមេសា ឆ្នាំ 2025 នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Google លោក Sundar Pichai បានបញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងពិភាក្សាជាមួយ Apple ដើម្បីបញ្ចូលបច្ចេកវិទ្យា Gemini AI ទៅក្នុង iPhones នៅពាក់កណ្តាលឆ្នាំនេះ។
ក្នុងនោះ ការបង្ហាញនេះ ត្រូវបានធ្វើឡើងក្នុងបរិបទនៃសំណុំរឿងរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) ដែលចោទប្រកាន់ថា Google បានបង្កកអាជីវកម្មរបស់ខ្លួនក្នុងការប្រកួតប្រជែងក្នុងវិស័យស្វែងរកព័ត៌មានតាមអ៊ីនធឺណិត (search engine) ផ្តាច់មុខ និងតម្រូវឲ Google ត្រូវបែងចែកអាជីវកម្មរបស់ខ្លួនដើម្បីបញ្ចប់ភាពផ្តាច់មុខក្នុងវិស័យស្វែងរកតាមអ៊ីនធឺណិត ដើម្បីជំរុញសេវាកម្មមួយនេះឱ្យកាន់តែប្រសើរឡើងស្របពេលដែលវិស័យបច្ចេកវិទ្យាកំពុងតែមានការប្រកួតប្រជែងកាន់តែខ្លាំង។
បើយោងតាមសម្តីរបស់លោក Pichai ផ្ទាល់បានឲ្យដឹងថា ទោះ Google មិនទាន់មានកិច្ចព្រមព្រៀងជាស្ថាពរជាមួយ Apple នាពេលនេះក៏ដោយ ក៏គាត់បានពិភាក្សាជាមួយនាយកប្រតិបត្តិ Apple លោក Tim Cook អំពីលទ្ធភាពនៃការរួមបញ្ចូល Gemini AI ក្នុងប្រព័ន្ធ Apple Intelligence ផងដែរ ដើម្បីជំរុញឲ្យ Siri ឬមុខងារពិសេសៗផ្សេងទៀតរបស់ Apple កាន់តែមានសមត្ថភាពខ្ពស់ជាងមុន ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិតរបស់ខ្លួន។ ខណៈនៅក្នុងពេលនេះ គឺមិនទាន់មានការឆ្លើយតបវិញពីខាង Apple នៅឡើយនោះទេ៕