បន្ទាប់ពីការប្រកាសបណ្តេញលោក Pat Gelsinger, ក្រុមហ៊ុន Intel បានប្រកាសតែងតាំងលោក Lip-Bu Tan ជានាយកប្រតិបត្តិថ្មី របស់ក្រុមហ៊ុន ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 18 ខែមីនា ឆ្នាំ២០២៥។
- បើប្រលេកទៅមើលប្រវត្តិ CEO ថ្មី របស់ក្រុមហ៊ុន Intel លោក Lip-Bu Tan អាចនិយាយបានថា លោកគឺជានាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតមួយរូបដែលអ្នកមិនធ្លាប់ឮ។ លោក Lip-Bu Tan កើតនៅឆ្នាំ 1959 មានអាយុ 65 ឆ្នាំ ដើមកំណើតជាជនជាតិម៉ាឡេស៊ី ប៉ុន្តែធំធាត់ឡើង និងរស់នៅក្នុងប្រទេសសិង្ហបុរី។ នៅពេលរស់នៅក្នុងប្រទេសសិង្ហបុរីលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែករូបវិទ្យា និងវិស្វកម្មនុយក្លេអ៊ែរពីសកលវិទ្យាល័យ Nanyang Technological University ។ បន្ទាប់មកបានផ្លាស់ការសិក្សារទៅសហរដ្ឋអាមេរិក និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មអេឡិចត្រូនិចពីសកលវិទ្យាល័យ UIUC របស់អាមេរិក រួមជាមួយនឹងថ្នាក់បរិញ្ញាបត្ររដ្ឋបាលអាជីវកម្ម (MBA) ពី University of San Francisco ។ នាពេលបច្ចុប្បន្ននេះ លោក Lip-Bu Tan មានសញ្ជាតិជាជនជាតិអាមេរិក។
សម្រាប់អាជីព និងបទពិសោធន៍វិញ លោក Lip-Bu Tan មានបទពិសោធន៍ជាង 30 ឆ្នាំ ក្នុងការវិនិយោគ និងដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា និងជាបុគ្គលដែលមានឥទ្ធិពលមួយរូបក្នុងវិស័យ Semiconductor និង Venture Capital។ លោកធ្លាប់បម្រើការជានាយកប្រតិបត្តិ ស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Cadence Design Systems, Intel និង Walden International ដែលជាក្រុមហ៊ុនវិនិយោគផ្នែកបច្ចេកវិទ្យាបន្ទះឈីប។ ក្នុងអំឡុងអាណត្តិរបស់គាត់ ក្រុមហ៊ុនមានកំណើនចំណូលខ្លាំងក្នុងវិស័យរចនាបន្ទះឈីប (chip design software) ។
គួរគូសបញ្ជាក់ផងថា ក្នុងកិច្ចថ្លែងប្រកាសតែងតាំងលោក Lip-Bu Tan ជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន, លោក Lip-Bu Tan ផ្ទាល់បានប្តេជ្ញាធ្វើឱ្យ Intel ក្លាយជាក្រុមហ៊ុនឈានមុខក្នុងវិស័យបន្ទះឈីប បន្ទាប់ពីការប្រឈមមុខជាមួយនឹងការប្រកួតប្រជែងជាខ្លាំងពីសំណាក់ក្រុមហ៊ុន AMD និង Nvidia ។ ខណៈការប្រកាសនេះ បានធ្វើឲភាគហ៊ុន Intel បានកើនឡើងចំនួន 12% កាលពីថ្ងៃព្រហស្បតិ៍។ ខណៈសំណួរដែលកំពុងតែ Trendy នាពេលបច្ចុប្បន្ននេះ សួរថា តើការផ្លាស់ប្តូរនេះអាចជួយ Intel ប្រែក្លាយជាក្រុមហ៊ុនឈានមុខក្នុងវិស័យបច្ចេកវិទ្យាម្តងទៀតឬទេ?