ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចតៃវ៉ាន់ Foxconn នឹងវិនិយោគទឹកប្រាក់ ៧០០ លានដុល្លារនៅប្រទេសវៀតណាម ក្នុងឆ្នាំ ២០២១ នេះ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន។
យោងតាមសារព័ត៌មានតៃវ៉ាន់បានរាយការណ៍ថា ក្រុមហ៊ុនដែលធ្លាប់ត្រូវបានគេស្គាល់ឈ្មោះជាផ្លូវការថា Hon Hai Precision Industry Co នេះ ក៏បានកំណត់គោលដៅប្រាក់ចំណូលចំនួន ១០ ពាន់លានដុល្លារ និងបង្កើតការងារថ្មីចំនួន ១ ម៉ឺនកន្លែងនៅឆ្នាំនេះផងដែរ។
គួរឲ្យដឹងថា កាលពីឆ្នាំមុនក្រុមហ៊ុន Foxconn បានវិនិយោគទឹកប្រាក់ចំនួន ១,៥ ពាន់លានដុល្លារនៅប្រទេសវៀតណាម ហើយក្នុងនោះ មាន ៩០០ លានដុល្លារដាក់ទៅក្នុងខេត្ត Bac Giang។ មិនតែប៉ុណ្ណោះ កាលពីខែមករាកន្លងទៅ ក្រុមហ៊ុនខាងលើបានទទួលអាជ្ញាប័ណ្ណសាងសង់រោងចក្រតម្លៃ ២៧០ លានដុល្លារ ដើម្បីផលិតកុំព្យូទ័រយួរដៃ និងថេបប្លេត នៅ Bac Giang ទៀតផង។
សូមបញ្ជាក់ថា រោងចក្រនោះនឹងផលិតកុំព្យូទ័រចំនួន ៨ លានគ្រឿងក្នុងមួយឆ្នាំ រាប់បញ្ចូលទាំង iPad និង MacBook តាមការចង់បានរបស់ Apple ដើម្បីអាចផ្លាស់ប្តូរផលិតកម្មរបស់ពួកគេចេញពីប្រទេសចិន៕