ក្រុមហ៊ុន PayPal Holdings Inc បានក្លាយជាក្រុមហ៊ុនធំបំផុតមួយនៅសហរដ្ឋអាមេរិក ដែលបានចូលទីផ្សាររូបិយប័ណ្ណឌីជីថល ជាមួយនឹងការប្រកាសរបស់ខ្លួនកាលពីខែតុលាឆ្នាំមុនថា ខ្លួននឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាមេរិករាប់លាននាក់ លក់ ទិញ និងកាន់កាប់រូបិយប័ណ្ណឌីជីថល ដូចជា Bitcoin ជាដើម។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្រុមហ៊ុនជាច្រើនទៀតបានប្រកាសពីផែនការរបស់ពួកគេ សម្រាប់រូបិយប័ណ្ណឌីជីថល ដែលមានដូចជាក្រុមហ៊ុន Tesla Inc, Mastercard Inc និង Bank of New York Mellon Corp ជាដើម។
សូមបញ្ជាក់ថា ក្រុមហ៊ុន PayPal ដែលមានអ្នកប្រើប្រាស់ចំនួន ៣៧៧ លាននាក់នៅទូទាំងពិភពលោក គឺជាក្រុមហ៊ុនទូទាត់តាមអ៊ិនធឺណិត មានអាយុ ២២ ឆ្នាំ ដែលអនុញ្ញាតឲ្យបុគ្គល និងឈ្មួញ អាចផ្ញើ និងទទួលប្រាក់បាន។
គួរឲ្យដឹងដែរថា រូបិយប័ណ្ណឌីជីថល Bitcoin កំពុងតែកើនឡើងនូវសន្ទុះរបស់ខ្លួនជាថ្មីម្តងទៀត ដោយជំរុញតម្លៃខ្លួនរបស់វាលើស ៦០ ០០០ដុល្លារ ជាលើកដំបូង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ យោងតាមគេហទំព័រ CoinMarketCap បានឲ្យដឹងថា រូបិយប័ណ្ណឌីជីថលខាងលើ បានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៦០ ០១២ ដុល្លារហើយ៕