កាលពីថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ គណៈកម្មាធិការសហព័ន្ធនៅរដ្ឋ Texas បានសម្រេចឲ្យក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រយក្សរបស់អាមេរិក Intel បង់ប្រាក់សំណងចំនួន ២,២ ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក VLSI Technology ក្នុងករណីរំលោភប៉ាតង់។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Intel បាននិយាយថា ខ្លួននឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តមួយនេះ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Intel លោក William Moss បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន AFP ថា “Intel មិនយល់ស្របនឹងសាលក្រមរបស់តុលាការនៅថ្ងៃនេះទេ។ យើងមានបំណងប្តឹងឧទ្ធរណ៍ ហើយជឿជាក់ថាយើងនឹងឈ្នះ”។
គួរឲ្យដឹងថា បណ្តឹងរបស់ក្រុមហ៊ុនកាន់កាប់ប៉ាតង់ VLSI Technology កាលពីដើមឆ្នាំ ២០១៩ បានចោទប្រកាន់ក្រុមហ៊ុន Intel ពីបទរំលោភលើប៉ាតង់ ដែលពាក់ព័ន្ធនឹងការចងអង្គចងចាំ (memory cache) និងបទប្បញ្ញត្តិវ៉ុល (voltage regulation) នៅក្នុងបន្ទះឈីបរបស់ខ្លួន។ នេះបើយោងតាមឯកសារច្បាប់៕