ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងមានស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនី ចំនួនជាង ២ ០០០ កន្លែង នៅទូទាំងប្រទេស ក្នុងឆ្នាំ ២០២១ នេះ ដើម្បីពង្រីកប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនីក្នុងប្រទេស។
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឯកជនធំជាងគេរបស់វៀតណាម Vingroup កំពុងស្វែងរកដៃគូជាមួយអាជីវកម្មផ្សេងទៀត ដើម្បីដំឡើងស្ថានីយ៍ទាំងនេះនៅក្នុងអគារ ផ្ទះល្វែង ការិយាល័យ ផ្សារទំនើប និងទីតាំងផ្សេងទៀត។
VinFast បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានីយ៍ទាំងនេះបូកចូលគ្នា នឹងមានកន្លែងសាកភ្លើង ចំនួនជាង ៤ ម៉ឺនកន្លែង សម្រាប់រថយន្ត និងកង់អគ្គិសនី។
គួរឲ្យដឹងដែរថា ក្រុមហ៊ុនខាងលើបានដំឡើងស្ថានីយ៍សាកភ្លើងអគ្គិសនីដំបូង កាលពីខែមុន នៅឯផ្សារមួយក្នុងឧទ្យាន Vinhomes Ocean Park ក្នុងស្រុក Gia Lam របស់ទីក្រុង Hanoi។
មិនតែប៉ុណ្ណោះ កាលពីខែមុននេះ ក្រុមហ៊ុន VinFast ក៏បានប្រកាសជេញរថយន្តប្រភេទ SUV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងមានសមត្ថភាពអាចបើកបរដោយស្វ័យប្រវត្តិ ចំនួន ៣ ម៉ូដែល ដែលនឹងមានលក់នៅក្នុងឆ្នាំនេះទៀតផង៕