កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ TECNO បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី TECNO PHANTOM V Fold2 ដែលជាទូរស័ព្ទដៃអាចបត់បានជំនាន់ទី២ ជាមួយតម្លៃលក់ចាប់ពី ១ ០៩៩ ដុល្លារ ក្នុងទីផ្សារសកល។
ទូរស័ព្ទដៃ TECNO PHANTOM V Fold2 ទទួលបានអេក្រង់ខាងក្រៅទំហំ ៦,៤២ អ៊ីញ ប្រភេទ AMOLED 120Hz LTPO មានកម្រិតបង្ហាញ 2550 x 1080 pixels FHD+ និងអេក្រង់ខាងក្នុងទំហំ ៧,៨៥ អ៊ីញ ប្រភេទ AMOLED 120Hz LTPO មានកម្រិតបង្ហាញ 2296 x 2000 pixels 2K+ ដំណើរការដោយបន្ទះឈីប MediaTek Dimensity D9000+ និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ HiOS ព្រមទាំងទទួលបាន RAM 12GB អង្គផ្ទុក 512GB និងប៊ិក PHANTOM V Pen ចំនួន១។
សម្រាប់កាមេរ៉ាគោលខាងក្រោយរបស់ទូរស័ព្ទដៃ TECNO PHANTOM V Fold2 មានទំហំ 50MP និងកាម៉េរ៉ាថតបញ្ឈរ (Portrait) 2x ទំហំ 50MP បំពាក់ជាមួយមុខងារគ្រប់គ្រងលំនឹង OIS និងលេន Ultra-Wide ទំហំ 50MP ខណៈកាមេរ៉ាមុខមានទំហំ 32MP+32MP ជាប្រភេទលេនទម្លុះអេក្រង់។ ចំណែកផ្នែកថាមពលវិញ វាទទួលបានថាមពលថ្ម 5,750mAh គាំទ្រការសាកថ្ម 70W តាមខ្សែ ដែលអាចសាកឡើងពីដល់ ៥០ភាគរយ ចំណាយពេលក្រោម ២០នាទី និងមួយពេញចំណាយពេលខ្ទង់ ៥០នាទី និង 15W wireless charging។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ TECNO PHANTOM V Fold2 មានភ្ជាប់មកជាមួយមុខងារការពារជម្រាបទឹក និងធូលី IP54 ព្រមទាំងគាំទ្រការតភ្ជាប់ 5G, Wi-Fi 6E និង Bluetooth v5.3។
ក្នុងនោះទូរស័ព្ទដៃ TECNO PHANTOM V Fold2 ទទួលបានឈុត AI ជាច្រើនដំណើរការដោយ Google Gemini នឹងគាំទ្រមុខងារជាង ៤០០មុខងារ រួមមានមុខងារ Magic AI Eraser, AI Artboard, Smart Q&A, AI Summary, AI Translation និង AI Writing, AI Wallpaper និង Universal Tone Technology ជាដើម។
ចំពោះការរចនារបស់ទូរស័ព្ទដៃ TECNO PHANTOM V Fold2 មានសភាពស្តើងដែលមានកម្រាស់ត្រឹមតែ ៦,១ មីលីម៉ែត្រ ពេលលាតអេក្រង់ និង ១២ មីលីម៉ែត្រ ពេលបត់អេក្រង់ រួមជាមួយទម្ងន់ត្រឹមតែ ២៤៩ ក្រាម ប៉ុណ្ណោះ និងទទួលបាននូវជម្រើសពណ៌ចំនួន២ រួមមានពណ៌ Karst Green និង Rippling Blue៕