បណ្តាញសង្គម Facebook ត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០០៤ ដោយក្នុងនោះមានលោក Mark Zuckerberg ជានាយកប្រតិបត្តិ និងអ្នកផ្តួចផ្តើមមួយចំនួនទៀត ដែលមិនសូវមានអ្នកស្គាល់ ដូចជា Eduardo Saverin, Andrew McCollum, Dustin Moskovitz និង Chris Hughes។
បច្ចុប្បន្ននេះតម្លៃភាគហ៊ុនរបស់ Facebook បានកើនឡើងមួយកម្រិតទៀតបន្ទាប់ពីក្រុមហ៊ុនប្រកាសចេញមុខងារថ្មីលើ Instagram ដែលនឹងប្រកួតប្រជែងជាមួយនឹងកម្មវិធី TikTok នៅលើទីផ្សារជាច្រើនលើពិភពលោក។
ការកើនឡើងតម្លៃហ៊ុននេះ ក៏បានធ្វើឲ្យទ្រព្យសម្បត្តិលោក Mark Zuckerberg នាយកប្រតិបត្តិ Facbook មានការកើនឡើងដូចគ្នា ដែលពេលនេះទ្រព្យសម្បត្តិរបស់លោកគិតត្រឹមខែតុលា ឆ្នាំ២០២០ នេះ គឺសរុប ៥៤,៧ពាន់លានដុល្លារហើយ។ នេះបើយោងតាមគេហទំព័រ Forbes។
តាមរយៈគេហទំព័រខាងលើដដែល ទ្រព្យសម្បត្តិប៉ុណ្ណេះធ្វើឲ្យលោក Mark Zuckerberg ក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក លំដាប់ទី៧ ដោយស្ថិតនៅពីក្រោយលោក Jeff Bezos (១១៣ពាន់លានដុល្លារ), លោក Bill Gates (៩៨ពាន់លានដុល្លារ), លោក Bernard Arnault (៧៦ពាន់លានដុល្លារ), លោក Warren Buffett (៦៧,៥ពាន់លានដុល្លារ), លោក Larry Ellison (៥៩ពាន់លានដុល្លារ) និង លោក Amancio Ortega (៥៥,១ពាន់លានដុល្លារ)៕