[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Chery Exeed Yaoguang ប្រភេទ SUV PHEV ជាមួយតម្លៃលក់ចាប់ពី ២៩ ៦០០ ដុល្លារ ដល់ ៣២ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង M3X platform មានប្រវែងតួខ្លួនសរុប ៤ ៧៨១ ម.ម ទទឹង ១ ៩២០ ម.ម កម្ពស់ ១ ៦៧១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨១៥ ម.ម ដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន៣ អាចផលិតកម្លាំងសរុបបាន ៦១០សេះ និងកម្លាំងរមួល ៩២០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខ 3-Speed DHT (Dual-Hybrid Transmission) និងប្រភេទបើកបរប៉ុង២ 4WD ផ្គួបជាមួយអាគុយទំហំ ៣៤,៤៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងអាចបើកបរបានចម្ងាយសរុប ១ ៤០០គីឡូម៉ែត្រ។
គួរបញ្ជាក់ផងថា សម្រាប់ប្រព័ន្ធថាមពលខាងលើនេះ ត្រូវបានគាំទ្រដោយការសាកថ្មល្បឿនលឿនអាចសាកឡើងពី ៣០-៨០ ភាគរយចំណាយពេល ២០នាទី និងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៤,២៦វិនាទី និងមាន top-speed ២០០ គីឡូម៉ែត្រ/ម៉ោង។ លើសពីនេះទៅទៀត រថយន្តនេះ ទទួលបានរបៀបបើកបរចំនួន៦ រួមមាន economy, standard, sports, snow, sand និង off-road។
សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានសភាពទាន់សម័យ និងស្ព័រខ្លាំង គឺបំពាក់ជាមួយប៉ាណាផ្នែកខាងមុខបិទជិតអបជាមយយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម អូសកាត់ពីតភ្ជាប់ផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ២០ អ៊ីញ និងបំពង់សុីមុាំងស្ព័រចំនួន១គូរទាំងសងខាង។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ទំហំ ២៤,៦ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ និងអេក្រង់លើកញ្ជក់ទំហំ ៥០អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតខ្សែទំំហំ ៥០វ៉ាត់ ប្រព័ន្ធ speakers ប្រភេទ Sony ចំនួន ១៤ គ្រាប់ និងប្រព័ន្ធសុវត្ថិភាពមួយចំនួនទៀតជាដើម៕