កាលពីពេលថ្មីនេះ ក្រុមហ៊ុន BMW Thailand បានប្រកាសថា ពួកគេបានឈ្នះពានរង្វាន់ Marketeer No.1 Brand Thailand ឆ្នាំ២០២៤ ក្នុងនាមជាក្រុមហ៊ុនដែលមានប្រជាប្រិយភាពបំផុតដែលផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ និងបទពិសោធន៍ដ៏ល្អសម្រាប់អតិថិជនទាំងអស់របស់ខ្លួននៅក្នុងប្រទេសថៃ។
សម្រាប់ពានរង្វាន់ Marketeer No.1 Brand Thailand ដែល BMW ទទួលបានក្នុងឆ្នាំនេះ បានបង្ហាញពីភាពជោគជ័យរបស់ក្រុមហ៊ុនមួយនេះក្នុងការកសាងម៉ាកយីហោរបស់ខ្លួនក្នុងទីផ្សារប្រទេសថៃ។ លើសពីនេះទៅទៀត ពួកគេបានប្តេជ្ញាចិត្តនឹងផ្តល់ជូននូវការច្នៃប្រឌិតរថយន្តទំនើបថ្មីៗជាច្រើនទៀតសម្រាប់ចែកចាយក្នុងទីផ្សារប្រទេសថៃ និងផ្តល់សេវាកម្មដ៏ពិសេសៗថែមទៀតផងដល់អ្នកប្រើប្រាស់រថយន្តរបស់ពួកគេនៅក្នុងប្រទេសថៃ។
លោក Rene Gerhard ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន BMW Group Thailand បាននិយាយថា ក្រុមហ៊ុន BMW Thailand ពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានទទួលពានរង្វាន់ Marketeer No.1 Brand Thailand ឆ្នាំ២០២៤ នេះ។ គួរឲដឹងថា ពានរង្វាន់ Marketeer No.1 Brand Thailand ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុន Marketeer Co., Ltd. អស់រយៈពេល ១៣ ឆ្នាំជាប់ៗគ្នាមកហើយ។ ចំពោះពានរង្វាន់នេះ មានការវាយតម្លៃចំនួន ៨១ ដង ដែលគ្របដណ្តប់លើការផលិតផល ការប្រើប្រាស់ សេវាកម្ម ជាដើម។ សម្រាប់ឆ្នាំនេះផ្ទាល់ ក្រុមហ៊ុន Marketeer បានសហការណ៏ជាមួយក្រុមហ៊ុន Marketing Move Co., Ltd. និងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម សាកលវិទ្យាល័យ Thammasat ដើម្បីធ្វើការស្ទង់មតិ ដែលធ្វើឡើងចាប់ពីខែមករាដល់ខែមេសា។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៤ នេះ ក្រុមហ៊ុន BMW Group Thailand បានទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ១៤ នៅក្នុងព្រឹត្តិការណ៍ The Car & Bike of the Year ឆ្នាំ២០២៤ ដែលរៀបចំដោយក្រុមហ៊ុន Grand Prix International PCL ។ ក្រុមហ៊ុននេះក៏ត្រូវបានជ្រើសរើសជាក្រុមហ៊ុនល្អបំផុតប្រចាំប្រទេសថៃ អស់រយៈពេល ៦ឆ្នាំជាប់ៗគ្នាផងដែរ បើតាមទស្សនាវដ្តី BrandAge ។ លើសពីនេះ នៅឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន BMW Group Thailand ទទួលបានពិន្ទុ ៩៤ និង ៩០ ពី NPS (Net Promoter Score) លើការចែកចាយរថយន្តលក់ និងសេវាកម្ម។