កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Realme បានប្រកាសចេញលក់ជាផ្លូវការនូវនាឡិកាដៃសេរ៊ីថ្មីរបស់ខ្លួនគឺ Realme Watch S2 ជាមួយតម្លៃលក់ចាប់ពី ៦០ ដុល្លារ ដល់ ៦៣ ដុល្លារ ក្នុងទីផ្សារប្រទេសឥណ្ឌា។
Realme Watch S2 បំពាក់ដោយបន្ទះអេក្រង់ ១,៤៣ អ៊ីញ AMOLED មានកម្រិតពន្លឺ 600nits និងកម្រិតបង្ហាញ 326 PPI ព្រមទាំងទទួលបានថាមពលថ្ម 380mAh អាចកាន់ថ្មបាន ២០ថ្ងៃ និងអង្គផ្ទុក 4GB។ នាឡិកាដៃនេះ មានទម្ងន់ ៤១ ក្រាម និងកម្រាស់ ១,១ សង់ទីម៉ែត្រ ទទួលការរចនាតួខ្លួនធ្វើពីដែកអ៊ីណុក ចំណែកខ្សែវិញអាចដកចេញបាន ធ្វើពីដែក និងជ័រស៊ីលីកុន។ លើសពីនេះទៅទៀត វាក៏ទទួលបានជម្រើសពណ៌ចំនួន ៣ ផងដែររួមមាន ខ្មៅ ប្រផេះ និងទឹកប្រាក់។

Realme Watch S2 ត្រូវបានបំពាក់មុខងារតាមដានសុខភាពជាច្រើន ពោលគឺច្រើនជាង ១៥០ មុខងារជាងហើយមុខងារសំខាន់ៗមួយចំនួនរួមមាន ការត្រួតពិនិត្យអត្រាបេះដូងលោត អុកស៊ីសែនក្នុងឈាម ការទទួលទានដំណេក សុខភាពស្ត្រី និងសកម្មភាពប្រចាំថ្ងៃ ជាដើម។ លើសពីនេះ វាក៏ភ្ជាប់មកជាមួយមុខងារ AI មួយចំនួនផងដែរមានដូចជាមុខងារ AI Voice Assistant ប្រើសម្រាប់បញ្ជារសម្លេងតាមរយៈការនិយាយ ក៏ដូចជាមុខងារ Smartwatch Face Engine, Bluetooth calling, music controls, remote camera shutter, មុខងារការពារធូលី និងទឹក IP68 និងមុខងារកីឡាចំនួន ១១០ ផ្សេងទៀតផងដែរ៕




