[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានប្រកាសដាក់បង្ហាញចេញនូវតម្លៃជាផ្លូវការរបស់រថយន្តអគ្គិសនី Volkswagen ID.UNYX នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់់ពី ២៨ ៩០០ ដុល្លារ ដល់ ៣៤ ៤០០ ដុល្លារ។
រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង Volkswagen’s MEB platform មានប្រវែងតួខ្លួនសរុប ៤ ៦៦៣ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦៦ ម.ម និងពណ៌តួខ្លួនចំនួន ៥ គឺ Sunrise Gold, Awaking Grey, Dreamy White, Shadow Black និង Moonlight Silver ។ ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅវិញគឺនឹងទទួលបានការរចនាប្រភេទ Fastback ដោយផ្នែកខាងមុខបំពាក់ប៉ាណាបិតជិត និងចង្កៀងមុខឆ្លាតវៃ ប្រភេទ Q. Light Matrix LED ក៏ដូចជាផ្នែកខាងក្រោយមានបំពាក់អំពូល DRLs អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២១ អ៊ីញ ជាដើម ។
សម្រាប់ប្រព័ន្ធដំណើរការវិញ រថយន្តនេះទទួលបានជម្រើស ២ រួមមាន៖
- ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំងបាន ២២៨ សេះ ផ្គួបជាមួយអាគុយទំហំ ៨២,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៦២១ គីឡូម៉ែត្រ។
- ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំងបាន ៣៣៥ សេះ ផ្គួបជាមួយអាគុយទំហំ ៨២,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៥៦៥ គីឡូម៉ែត្រ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ LCD ទំហំ ៥,៣ អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១៥ អ៊ីញ កម្រិត 2K ក៏ដូចជាអេក្រង់លើកញ្ជក់ ដែលដំណើរការដោយប្រព័ន្ធ ID.S 5.0 OS និងប្រព័ន្ធសុវត្ថិភាព Volkswagen’s IQ Drive ដូចជា lane change assist, adaptive cruise control និង lane keep assist ។