ក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ Foxconn Technology ដែលគេស្គាល់ថាជាអ្នកផលិត iPhone ឲ្យក្រុមហ៊ុន Apple នៅសប្តាហ៍នេះបានទទួលអាជ្ញាប័ណ្ណពីរដ្ឋាភិបាលវៀតណាម ដើម្បីសាងសង់រោងចក្រតម្លៃ ២៧០ លានដុល្លារ ដើម្បីផលិតកុំព្យូទ័រយួរដៃនិងថេប្លេតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចំពេលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។
យោងតាមគេហទំព័ររបស់រដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា រោងចក្រថ្មីដែលនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Foxconn គឺ Fukang Technology នឹងត្រូវស្ថិតនៅក្នុងតំបន់ជនបទនៃខេត្ត Bac Giang នៅខាងក្រៅទីក្រុង Hanoi ហើយនឹងអាចផលិត ផលិតផលរបស់ Apple បាន ៨ លានគ្រឿងជារៀងរាល់ឆ្នាំ។
Foxconn ដែលត្រូវបានបង្កើតឡើងដោយមហាសេដ្ឋីតៃវ៉ាន់ Terry Gou បានប្រតិបត្តិការនៅប្រទេសវៀតណាម តាំងពីឆ្នាំ ២០០៧ ហើយបានវិនិយោគទឹកប្រាក់សរុបចំនួន ១,៥ ពាន់លានដុល្លារ។ រដ្ឋាភិបាលវៀតណាមបាននិយាយថា ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដែលមានកិច្ចសន្យានេះ គ្រោងនឹងវិនិយោគ ៧០០ លានដុល្លារបន្ថែមទៀត និងជួលកម្មករក្នុងស្រុកចំនួន ១ ម៉ឺននាក់បន្ថែមទៀត នៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២១ នេះ។
គួរឲ្យដឹងថា Foxconn ធ្វើការដំឡើង iPad និង MacBook ភាគច្រើនសម្រាប់ Apple នៅក្នុងប្រទេសចិន ដែលខ្លួនដំណើរការរោងចក្រចំនួន ១២ នៅទូទាំងទីក្រុងចំនួន ៩ ប៉ុន្តែកំពុងផ្លាស់ប្តូរការងារមួយចំនួនទៅកាន់ប្រទេសវៀតណាមវិញ តាមសំណើរបស់ក្រុមហ៊ុន Apple។ ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានជំរុញឲ្យក្រុមហ៊ុនជាច្រើនធ្វើរើផលិតកម្មរបស់ខ្លួនចេញឆ្ងាយពីប្រទេសចិន៕