ក្រុមហ៊ុនឯកជនធំជាងគេរបស់វៀតណាម Vingroup សង្ឃឹមថានឹងរៃអង្គាសប្រាក់បានជាង ៣០០ លានដុល្លារ តាមរយៈការចេញមូលបត្របំណុល ដើម្បីវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ VinFast និង VinSmart ។
ប័ណ្ណបំណុល ៣ ឆ្នាំ ដែលមានតម្លៃ ១០០ ០០០ ដុងក្នុងមួយចំណែក នឹងត្រូវដាក់លក់។ ក្រុមហ៊ុន Vingroup បានឲ្យដឹងក្នុងឯកសារមួយ ជាមួយផ្សារហ៊ុនហូជីមិញ Ho Chi Minh Stock Exchange កាលពីចុងសប្តាហ៍មុនថា ពួកគេនឹងត្រូវផ្តល់ជូនសាធារណជនជា ៣ជុំ នៅឆមាសទីមួយនៃឆ្នាំ ២០២១ នេះ។
អត្រាការប្រាក់នឹងត្រូវបង់រៀងរាល់ ៣ ខែម្តង ដោយអត្រាការប្រាក់ត្រូវបានគណនាដោយ អត្រាការប្រាក់យោង បូកនឹង ៣,៧ ភាគរយក្នុងមួយឆ្នាំ រហូតដល់អត្រាការប្រាក់អតិបរមា ៩,៧ ភាគរយក្នុងឆ្នាំដំបូង។
គួរឲ្យដឹងថា លុយជាង ៥,១ ពាន់ពាន់លានដុង នៃចំនួនទឹកប្រាក់ដែលបានលើកឡើង នឹងត្រូវវិនិយោគនៅក្នុងក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តដំបូងគេរបស់ប្រទេសវៀតណាម និង ១,៨៦ ពាន់ពាន់លានដុងទៀត នៅក្នុងក្រុមហ៊ុនផលិតស្មាតហ្វូន VinSmart ដែលបានដាក់បង្ហាញផលិតផលដំបូងរបស់ខ្លួន កាលពីចុងឆ្នាំ ២០១៨៕