ក្រុមហ៊ុន MediaTek គឺជាក្រុមហ៊ុនផលិតឈីបបានច្រើនជាងគេក្នុងត្រីមាសទីបួន នៃឆ្នាំ២០២៣ ដោយមានស្មាតហ្វូនចំនួន ១១៧លានគ្រឿង បានបញ្ចេញលក់ជាមួយឈីបផលិតដោយក្រុមហ៊ុនមួយនេះ។ តួលេខនេះមានការកើនឡើង ២១% ធៀបនឹងឆ្នាំ២០២២។
ចំណាត់ថ្នាក់លេខពីរ គឺក្រុមហ៊ុន Apple ដែលមាន iPhone ចំនួន ៧៨លានគ្រឿង បានបញ្ចេញលក់ជាមួយឈីប A-Series។ ឈីបថ្មីចុងក្រោយបំផុតរបស់ Apple គឺឈីប A17 Pro 3nm ដែលប្រើលើ iPhone 15 Pro និង iPhone 15 Pro Max។ តួលេខនេះមានការកើនឡើង ៧% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។
នៅពីក្រោយ Apple គឺក្រុមហ៊ុន Qualcomm ជាមួយតួលេខ ៦៩លានគ្រឿង ជាការកើនឡើង ១% និងបន្ទាប់មកគឺក្រុមហ៊ុនសៀងហៃ UNISOC ជាមួយតួលេខ ២៧លានគ្រឿង កើនឡើង ២៤%។
បន្ទាប់មកទៀតគឺ Samsung ដែលមានឈីប Exynos បំពាក់លើស្មាតហ្វូន ១៣លានគ្រឿង ថយចុះ ៤៨%។ អ្វីគួរឲ្យភ្ញាក់ផ្អើលគឺ ចំណាត់ថ្នាក់បន្ទាប់ដែលជាឈីប HiSilicon របស់ Huawei បានបំពាក់លើស្មាតហ្វូន ៧លានគ្រឿង កើនឡើងរហូតដល់ ៥១២១% ធៀបនឹងឆ្នាំ២០២២។ ចំណាត់ថ្នាក់ចុងក្រោយគឺជាឈីប Tensor របស់ Google ដែលបានញាត់លើស្មាតហ្វូន ៣លានគ្រឿង ថយចុះ ៤%៕