[ទីផ្សារបរទេស] ក្នុងខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន Tesla បានកត់ត្រាការលក់រថយន្តអគ្គិសនីបានត្រឹមតែមួយគ្រឿងប៉ុណ្ណោះក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ដោយជារថយន្ត Model Y SUV។
ធៀបនឹងខែធ្នូឆ្នាំ២០២៣ ចំនួនលក់នេះមានការថយចុះ ៨០% ឯណោះ ហើយហេតុផលពីក្រោយនោះគឺថាដោយសារកត្តាជាច្រើនដូចជាកត្តាអត្រាការប្រាក់ឡើងខ្ពស់ វិបត្តិអតិផរណា ក៏ដូចជាការខ្វល់ខ្វាយរបស់អតិថិជនកូរ៉េខាងត្បូងអំពីគុណភាពរថយន្ត Tesla ដែលផលិតនៅប្រទេសចិនផងដែរ។
កត្តាចម្បងមួយទៀតគឺអតិថិជនកំពុងរង់ចាំការប្រកាសអំពីលក្ខខណ្ឌផ្ដល់ប្រាក់ឧបត្ថម្ភថ្មីសម្រាប់ឆ្នាំ២០២៤ ពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូងលើរថយន្តអគ្គិសនី។ កាលពីខែកក្កដា ឆ្នាំ២០២៣ រថយន្ត Model Y មានដាក់លក់តម្លៃ ៥៦,៩៩លានវ៉ុន ប្រមាណ ៤៣ ០០០ដុល្លារ ដែលអាចឲ្យវាទទួលបានប្រាក់ឧបត្ថម្ភពេញលេញពីរដ្ឋាភិបាល។
យ៉ាងណាក្ដីការប្រកាសថ្មីៗនេះគឺថារដ្ឋាភិបាលគ្រោងផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់រថយន្តដែលមានតម្លៃក្រោម ៥៥លានវ៉ុន ដែលមានន័យថារថយន្ត Model Y អាចនឹងខាតបង់ប្រាក់ឧបត្ថម្ភ ៥០% ឯណោះ។ មកទល់ពេលនេះដែរ គេមិនទាន់ឃើញ Tesla មានការឆ្លើយតបបែបណាចំពោះច្បាប់ថ្មីនេះទេ៕