អាជីវកម្មដឹកអាហារតាមអ៊ីនធឺណិត (online food delivery) នៅក្នុងប្រទេសថៃ ត្រូវបានគេសម្គាល់ឃើញថា មានការកើនឡើងយ៉ាងតិចពី ៣០ ទៅ ៤០ ភាគរយនៃការបញ្ជាទិញ បន្ទាប់ពីមានរលកទី២ នៃជំងឺរាតត្បាតកូវីដ១៩ បើប្រៀបធៀបនឹងរយៈពេលធម្មតា ជាពិសេសពីខេត្តដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង។
ទន្ទឹមនឹងនេះ អ្នកទើបប្រឡូកចូលអាជីវកម្មថ្មី ឈ្មោះ Robinhood ដែលជាកម្មសិទ្ធិរបស់ធនាគារសៀមពាណិជ្ជកម្ម Siam Commercial Bank (SCB) ត្រូវបានគេមើលឃើញថា កំពុងមានសម្ពាធខ្លាំងនៅលើទីផ្សារដែលបច្ចុប្បន្នត្រូវបានគ្របដណ្ដប់ដោយអាជីវកម្មបរទេស។
លោកស្រី Chantsuda Thananitayaudom ប្រធានផ្នែកទីផ្សារប្រចាំប្រទេស នៃក្រុមហ៊ុន Grab Thailand បានមានប្រសាសន៍ថា ការបញ្ជាទិញលើសេវាកម្មដឹកអាហារ បានកើនឡើងជាង ៤០ ភាគរយ ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ដល់ថ្ងៃទី ៣ ខែមករា ដែលជំរុញដោយគោលនយោបាយ និងកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងជំងឺ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបង្ខំឲ្យប្រជាជននៅផ្ទះ។
ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២០ លោកស្រី Chantsuda បាននិយាយថា ចំនួនអ្នកប្រើប្រាស់ និងការបញ្ជាទិញសកម្មប្រចាំខែ បានកើនឡើង ២ ដង ខណៈអ្នកលក់ម្ហូបអាហារកើន ៤ ដងឯណោះ។
យោងទៅតាមអ្នកស្រី Chantsuda បានឲ្យដឹងថា ការដឹកអាហារតាមអ៊ីនធឺណែត (online food delivery) នឹងបន្តកើនឡើងនៅឆ្នាំនេះ ទាក់ទងនឹងអ្នកប្រើប្រាស់ និងអ្នកជំនួញ ខណៈការប្រកួតប្រជែងនឹងនៅតែខ្លាំងដដែល៕