iOS 16 ឬ iPad 16 បានដាក់ឱ្យប្រើមុខងារពិសេសមួយ គឺ Lockdown Mode សម្រាប់ការពារទៅលើបុគ្គលសំខាន់ៗ ដូចជាអ្នកនយោបាយ ថ្នាក់ដឹកនាំជាន់ខ្ពស់ ឬឥស្សរជនសំខាន់ៗក្នុងមុខតំណែង ដែលជាគោលដៅវាយប្រហារពី Hacker ត្បិតទិន្នន័យបុគ្គលទាំងនោះ គឺសំខាន់!។
មុខងារ Lockdown Mode មានលទ្ធភាពរឹតត្បិតការប្រើប្រាស់ផ្សេងៗ ដែលអាចបង្កហានិភ័យដល់អ្នកប្រើ។ ដូចជាប្លុកសារជាច្រើនដែលមានតំណលីងភ្ជាប់ ឬមិនអាច Preview លើលីងនោះបាន។ ប្លុកទទួលកាហៅចូលតាម FaceTime ចំពោះគណនីដែលមិនធ្លាប់ខលមកសោះ។
កាន់តែពិសេសទៀត គឺវានឹងចាក់សោ ពេលប្រព័ន្ធដឹងថាមានការដោតខ្សែផ្សេងទៅកាន់ឧបករណ៍ដទៃ ឬគ្រឿង Accessory ប្លុកមិនឱ្យដំណើរការ។ ចំពោះការ Shared albums ក្នុងកម្មវិធី Photos ក៏ត្រូវបិទ និងការចូលទៅកាន់ Safari នឹងត្រូវរឹតត្បិតបន្ថែម ពិសេសទៅលើ គេហទំព័រនៅក្រៅបញ្ជី trusted site ពីក្នុង Lockdown Mode។ រីឯការកំណត់អត្តសញ្ញាណទៅលើ Profile ឬការ Configuration ទៅលើ Profile ក៏មិនត្រូវអនុញ្ញាតផងដែរ។
ដើម្បីដំណើរការមុខងារនេះបាន iPhone ឬ iPad ត្រូវឡើងទៅកាន់ iOS 16 ឬ iPadOS 16។ វិធីប្រើ គឺចូលទៅកាន់ Settings > Privacy & Security > Lockdown Mode > អានសេចក្ដីណែនាំ និងចុចលើ Turn On Lockdown Mode ជាការស្រេច។
ជាកាដូបន្ថែមលើមុខងារសុវត្ថិភាពអ្នកប្រើ Apple បានបន្ថែមកម្មវិធី Security Bounty Program ដើម្បីផ្តល់រង្វាន់ដល់អ្នកស្រាវជ្រាវទាំងឡាយណា ដែលអាចបំបែកមុខងារ Lockdown Mode និងស្វែងរកចន្លោះប្រហោងដើម្បីកែលម្អរមុខងារនេះផងដែរ៕