ថ្មីៗនេះ Apple បានដកនាឡិកា Apple Watch Series 9 និង Apple Watch Ultra 2 ចេញពីហាងនៅអាមេរិច និងការអនឡាញរបស់ខ្លួន ហើយឥឡូវនេះពួកគេក៏ត្រូវបានដកការលក់ចេញពី Apple Stores ផងដែរ។
ការហាមឃាត់ការលក់ Apple Watch កើតឡើង ជាផ្នែកមួយនៃជម្លោះប៉ាតង់ដ៏យូរអង្វែង រវាង Apple និងក្រុមហ៊ុនឧបករណ៍វេជ្ជសាស្ត្រ Masimo។ ក្នុងនោះ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ITC បានសម្រេចកាលពីខែតុលាថា ឧបករណ៍ចាប់សញ្ញាអុកស៊ីសែនក្នុងឈាម ដែលជាមុខងារមាននៅក្នុង Apple Watch Series 9 និង Apple Watch Ultra 2 គឺរំលោភលើប៉ាតង់ Masimo ចំនួនពីរ។
បន្ទាប់ពីការសម្រេចចិត្តរបស់ ITC ករណីនេះត្រូវបានបញ្ជូនទៅរដ្ឋបាល លោក Joe Biden សម្រាប់រយៈពេល ៦០ថ្ងៃនៃការត្រួតពិនិត្យ។ ដោយឡែកពេលនេះគឺមិនទាន់មានសកម្មភាពណាមួយនៅឡើយ។ រយៈពេលត្រួតពិនិត្យប្រធានាធិបតីនឹងបញ្ចប់ជាផ្លូវការបន្ទាប់ពីថ្ងៃទី ២៥ ខែធ្នូ។
បន្ទាប់ពីថ្ងៃទី ២៥ ខែធ្នូ ក្រុមហ៊ុន Apple នឹងត្រូវបានហាមឃាត់មិនឱ្យនាំចូល ឬលក់ Apple Watch Series 9 និង Apple Watch Ultra 2 នៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Apple បានធ្វើការសម្រេចចិត្តដកឧបករណ៍ចេញពីគេហទំព័ររបស់ខ្លួននៅថ្ងៃទី២១ ខែធ្នូ និងពី Apple Stores ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការអនុលោមតាមសេចក្តីសម្រេចរបស់ ITC ជាមុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ 9to5Mac ក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងបន្តចាត់វិធានការទាំងអស់ដើម្បីប្រគល់ Apple Watch Series 9 និង Apple Watch Ultra 2 ដល់អតិថិជន នៅសហរដ្ឋអាមេរិកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រុមហ៊ុន Apple ក៏បាននិយាយទៅកាន់ 9to5Mac ថា ខ្លួននឹងដាក់បណ្តឹងឧទ្ធរណ៍លើការសម្រេចចិត្តចុងក្រោយរបស់ ITC ជាមួយតុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែធ្នូ។ ដូចនេះ គឺមិនមានព័ត៌មានលម្អិតបន្ថែមនៅឡើយទេអំពី Apple Watch៕