Apple គ្រោងនឹងបង្កើតម៉ូដឹមផ្ទាល់ខ្លួនសម្រាប់ប្រើជា អ៊ីនធឺណិត Cellular សម្រាប់កុំព្យូទ័រ MacBook របស់ខ្លួន ដែលវានឹងអាចកើតឡើង នៅឆ្នាំ២០២៨ ខាងមុខនេះ។ នេះបើយោងតាមលោក Mark Gurman អ្នកនាំពាក្យជាន់ខ្ពស់មកពីស្ថាប័នសារព័ត៌មានរបស់ Bloomberg។
ជុំវិញការបំពាក់ម៉ូឌឹមនេះដែរ ធ្លាប់កើតមានកន្លងមកហើយ ដោយ Apple ចង់បំពាក់អ៊ីនធឺណិត 3G លើ MacBook Air របស់ខ្លួន ប៉ុន្ដែអតីតនាយកប្រតិបត្តិ Steve Jobs បានជំទាស់កាលពី ឆ្នាំ២០០៨ ដោយសារតែវាត្រូវការកន្លែងធំពេក សម្រាប់ចន្លោះម៉ូឌឹម។
ដូចនេះគម្រោង បំពាក់ម៉ូឌឹមលើ MacBook នាឆ្នាំ២០២៨ គឺត្រូវប្រើម៉ូឌឹមបញ្ចូលទៅលើ System On Chip ដែលបញ្ចូលវាទៅក្នុង បន្ទះឈីបត្រកូល M ដែល Apple បានផលិតកន្លងមក។
គួរដឹងថា Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការស្រាវជ្រាវលើ ម៉ូដឹមផ្ទាល់ខ្លួនតាំងពី ឆ្នាំ ២០១៨ មកម៉្លេះ ដូចដែលព័ត៌មានកន្លងមកថា Apple មានបំណងលែងប្រើម៉ូឌឹម Qualcomm ដែលមានបំពាក់លើ iPhone ។ ដោយដំណឹងពីការព្យាករណ៍ដាក់ឱ្យប្រើ គឺរំពឹងថាអាចនឹងចាប់ផ្ដើមបញ្ចេញនៅ ឆ្នាំ២០២៦ ដោយ MacBook អាចនឹងបំពាក់នៅ ឆ្នាំ២០២៨៕