[ទីផ្សារបរទេស] ក្រុមហ៊ុន Mazda បានប្រកាសអំពីកំណត់ត្រាថ្មីនៃប្រាក់ចំណេញដែលខ្លួនរកបានក្នុងឆមាសដំបូងនៃអាជីវកម្មរបស់ខ្លួន ដោយសារតែរថយន្ត CX-60 ផ្ទុះការគាំទ្រខ្លាំងពីសំណាក់អតិថិជន។
ទិន្នន័យចុះផ្សាយដោយ Mazda បង្ហាញថាប្រតិបត្តិការប្រាក់ចំណេញរបស់ខ្លួន ក្នុងរយៈពេល៦ខែដែលបញ្ចប់ត្រឹមចុងខែកញ្ញា គឺមានចំនួន ៩០៨លានដុល្លារ។
នេះគឺជាតួលេខប្រាក់ចំណេញក្នុងមួយឆមាសដែលខ្ពស់ជាងគេ បន្ទាប់ពីការលក់លើទីផ្សារសកលបានកើនឡើង ២០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យបង្ហាញដែរថា Mazda លក់រថយន្តបានសរុប ៦១៦ ០០០គ្រឿង នៅទូទាំងសកលលោក ដោយនៅអឺរ៉ុប ការលក់មានការកើនឡើង ៣៤% ជាមួយចំនួនលក់ ៩ម៉ឺនគ្រឿង និងនៅអាមេរិកខាងជើងលក់បាន ២៥១ ០០០គ្រឿង កើនឡើង ៣៩%។ បន្ថែមពីនេះ នៅទឹកដីរបស់ Mazda គឺនៅប្រទេសជប៉ុន ការលក់មានការកើនឡើង ២០% ដោយលក់បាន ៨២ ០០០គ្រឿង។
លទ្ធផលដ៏អស្ចារ្យនេះគឺអាចទៅរួចដោយសារភាពពេញនិយមនៃម៉ូដែលថ្មីដែល Mazda ប្រកាសចេញ ដោយក្នុងនោះ CX-60 ទទួលបានជោគជ័យខ្លាំងនៅអឺរ៉ុប ឯ CX-90 វិញ បានយកបានចិត្តអតិថិជននៅទឹកដីអាមេរិកខាងជើង។
ភាពពេញនិយមនៃរថយន្តទាំងពីរម៉ូដែល អាចឲ្យ Mazda កែសម្រួលការព្យាករណ៍ពីការលក់សកល ក្នុងរយៈពេលមួយឆ្នាំនៃអាជីវកម្មរបស់ខ្លួន ឡើងដល់ចំនួន ១,២លានគ្រឿង ដោយនៅអឺរ៉ុបរំពឹងថាអាចលក់បានសរុប ១៩៣ ០០០គ្រឿង ដែលវាអាចក្លាយជាទីផ្សារធំជាងគេលំដាប់ទីពីររបស់ Mazda៕