[ទីផ្សារបរទេស] រថយន្ត Tesla Cybertruck អាចជាផលិតផលថ្មីមួយដែលអតិថិជនទន្ទឹងរង់ចាំបំផុត ហើយ Elon Musk ដែលជានាយកប្រតិបត្តិនិយាយថាការដឹកជញ្ជូនរថយន្តនេះដំបូងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា។
ត្បិតថា Tesla មិនទាន់ប្រកាសអំពីលក្ខណៈសម្បត្តិចុងក្រោយ និងតម្លៃលក់ ប៉ុន្តែ Tesla បានធ្វើការកែសម្រួលកិច្ចសន្យាកុម្ម៉ង់ទិញរថយន្ត ដែលធ្វើយ៉ាងណាហាមឃាត់អតិថិជនមិនឲ្យលក់ Cybertruck ទៅឲ្យអ្នកទីបី ដោយគ្មានការដឹងឮពី Tesla នោះទេ។
ម្ចាស់រថយន្តដែលចង់លក់រថយន្តនៅឆ្នាំដំបូងនៃការប្រើប្រាស់ អាចលក់ចេញបានជាមួយហេតុផលសមរម្យ និងត្រូវផ្ដល់ដំណឹងដល់ Tesla ក៏ដូចជាផ្ដល់ពេលវេលាសមរម្យមួយដើម្បីអាចឲ្យ Tesla ធ្វើជាអ្នកទិញយកបន្តដោយផ្ទាល់។ ប្រសិនបើ Tesla មិនព្រមទទួលទិញ ទើបម្ចាស់រថយន្តមានសិទ្ធិលក់ឲ្យភាគីទីបី ប៉ុន្តែគឺបន្ទាប់ពីទទួលបានការដឹងឮពី Tesla រួចរាល់។
អ្នកដែលរំលោភបំពានកិច្ចសន្យា អាចនឹងត្រូវរងការពិន័យជាទឹកប្រាក់ ៥ម៉ឺនដុល្លារ ឬបង់ថ្លៃពិន័យស្មើនឹងតម្លៃនៃរថយន្ត។ បន្ថែមពីនេះ Tesla ក៏ហាមឃាត់មិនឲ្យម្ចាស់រថយន្តអាចផ្ទេរកម្មសិទ្ធិដល់រថយន្ត និងមិនលក់រថយន្តជូនអតិថិជនរូបនោះជាថ្មីនៅថ្ងៃអនាគតផងដែរ៕