[ទីផ្សារបរទេស] អ្នកផលិតវីដេអូលើ YouTube នៅសហរដ្ឋអាមេរិកមួយរូបឈ្មោះថា Kim Java បានចែករំលែកអំពីថ្លៃចំណាយមួយចំនួនដែលនាងបានចំណាយក្នុងរយៈពេល៥ឆ្នាំ នៃការប្រើប្រាស់រថយន្តអគ្គិសនី Tesla Model 3 Long Range ដែលនាងបានប្រើអស់ចម្ងាយជាង ៧ម៉ឺនម៉ាយ (ប្រមាណ ១១ម៉ឺនគីឡូម៉ែត្រ)។
ការចំណាយធំជាងគេច្បាស់ណាស់គឺការទិញរថយន្ត ដែលពេលនោះ Kim បានចំណាយ ៥៤ ០០០ដុល្លារ វាគឺជាតម្លៃមុនពេលដែល Tesla ចាប់ផ្ដើមបញ្ចុះតម្លៃរថយន្តឥតឈប់ ដោយបច្ចុប្បន្នគេអាចទិញរថយន្ត Model 3 RWD នៅសហរដ្ឋអាមេរិក ក្នុងតម្លៃតែជាង ៤ម៉ឺនដុល្លារប៉ុណ្ណោះ។ ក្នុងនោះដែរ Kim ទទួលបានប្រាក់ឧបត្ថម្ភលើរថយន្តអគ្គិសនីចំនួន ៧ ៥០០ដុល្លារ ដូច្នេះថ្លៃចំណាយចុងក្រោយពេលដែលនាងទិញរថយន្តគឺ ៤៦ ៥០០ដុល្លារ។
ចូលដល់ការចំណាយធំទីពីរសម្រាប់ Tesla Model 3 គឺថ្លៃធានារ៉ាប់រង ដែលចំណាយជាង ៦ ២០០ដុល្លារ ខណៈដែលថ្លៃថែទាំគឺប្រមាណ ២ ៤០០ដុល្លារ និងថ្លៃជួសជុលក្នុងពេល៥ឆ្នាំនេះ គឺអស់ត្រឹមតែ ២១៤ដុល្លារ ប៉ុណ្ណោះ។
សម្រាប់ការចំណាយលើការសាកភ្លើងក្នុងពេលជាង ៥ឆ្នាំនេះ គឺអស់ខ្ទង់ ២ ៣០០ដុល្លារ ព្រោះថាភាគច្រើន Kim សាករថយន្តនៅផ្ទះ ដែលមានថ្លៃអគ្គិសនីប្រមាណ ០,១១ដុល្លារ ទៅ ០,១៤ដុល្លារ ក្នុង១គីឡូវ៉ាត់ម៉ោង។ បន្ថែមពីនេះ Kim ក៏ត្រូវចំណាយ ៨២០ដុល្លារ លើថ្លៃផ្លាករថយន្តអគ្គិសនី ដែលធ្វើឲ្យចំណាយសរុបក្នុងពេល៥ឆ្នាំ គឺមានខ្ទង់ ៥៨ ៥០០ដុល្លារ៕