[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota នឹងបង្ហាញចេញរថយន្ត Camry ជំនាន់ថ្មី ស៊េរីឆ្នាំ២០២៤ នៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ ហើយមុនការប្រកាសចេញជាផ្លូវការ ក្រុមហ៊ុនបានបង្ហាញរូបភាព Teaser ក៏ដូចជាការឌីហ្សាញរូបរាងខាងក្រោយនៃរថយន្តនេះផងដែរ។
ក្នុងរូបភាពថ្មី គេឃើញផ្លាក AWD និងផ្លាក HEV ជាមួយភ្លើងស៊ីញ៉ូក្រោយរចនាបែបថ្មី ហើយនៅក្បែរនោះក៏ឃើញមានអក្សរ “C’ ផងដែរ ដែលទំនងជាអក្សរកាត់តំណាងឲ្យឈ្មោះ Camry ជាអ្វីដែលមិនមានលើរថយន្តស៊េរីមុននោះឡើយ។
រថយន្ត Camry ជំនាន់ថ្មី អាចនឹងមានកាប៊ីនក្នុងស្រដៀងនឹងរថយន្ត Prius និងរថយន្ត Crown ស៊េរីថ្មី ដែលមានអេក្រង់ធំនៅចំកណ្ដាល អមជាមួយកុងទ័រប្រភេទឌីជីថល រួមទាំងមានបច្ចេកវិទ្យាសុវត្ថិភាព និងមុខងារទំនើបៗជាច្រើន។
Toyota Camry គឺជារថយន្តលក់ដាច់ជាងគេលំដាប់ទី៥ នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ ដែលលក់បាន ២៩៥ ០០០គ្រឿង ហើយ Toyota ទំនងជាអាចនឹងលក់ចេញបានច្រើនជាងមុនក្នុងឆ្នាំ២០២៣នេះ ដោយត្រឹម៩ខែដំបូង អាចលក់ចេញបាន ២១៧ ៩៧៥គ្រឿង៕