[ទីផ្សារបរទេស] ក្រុមហ៊ុន Lucid ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រងការខាតបង់ជិត ៦៣០,៩លានដុល្លារ នៅត្រីមាសទីបី នៃឆ្នាំ២០២៣ ឬស្មើនឹង ខាតបង់៤៣ម៉ឺនដុល្លារ ក្នុងរថយន្តមួយគ្រឿងដែលលក់ចេញ។
តាមរបាយការណ៍ហិរញ្ញវត្ថុរបស់ Lucid ក្នុងត្រីមាសទីបីនេះ ក្រុមហ៊ុនរកចំណូលបាន ១៣៧,៨លានដុល្លារ ថយចុះ ១៩៥,៥លានដុល្លារ ដែលទទួលបានកាលពីឆ្នាំ២០២២។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺការខាតបង់មានជិត ៦៣០,៩លានដុល្លារ កើនឡើង ១០០លានដុល្លារ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលរថយន្តលក់បានគឺមាន ១ ៤៥៦គ្រឿងប៉ុណ្ណោះ។
នេះមានន័យថាក្រុមហ៊ុន Lucid ខាតបង់ប្រមាណ ៤៣ម៉ឺនដុល្លារ ក្នុងរថយន្តមួយគ្រឿងដែលបានលក់ចេញ។ យ៉ាងណាតួលេខនេះនៅប្រសើរជាងការខាតបង់ប្រមាណ ៥៤៤ ០០០ដុល្លារ ក្នុងរថយន្តមួយគ្រឿង កាលពីត្រីមាសទីពីរ។ គួរដឹងថារថយន្តថ្លៃជាងគេរបស់ Lucid គឺមានតម្លៃ ២៥ម៉ឺនដុល្លារ។
Lucid ផលិតរថយន្តបាន ១ ៥៥០គ្រឿង ក្នុងត្រីមាសទីបី ហើយជាមួយលទ្ធផលនេះ ក្រុមហ៊ុនបានផ្លាស់ប្ដូរការព្យាករណ៍ពីទំហំផលិត ១ម៉ឺន ទៅ ១,៤ម៉ឺនគ្រឿង មកនៅត្រឹម ៨ពាន់ ទៅ ៨,៥ពាន់គ្រឿង ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៣នេះ។
ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣នេះ ក្រុមហ៊ុន Lucid រងការខាតបង់សរុប ២,១៧ពាន់លានដុល្លារ ធៀបនឹងឆ្នាំកន្លងទៅ ការខាតបង់នេះមានការកើនឡើង ដោយ៩ខែដំបូងនៃឆ្នាំ២០២២ ក្រុមហ៊ុនខាតបង់ ១,៨៣ពាន់លានដុល្លារ៕