[ទីផ្សារបរទេស] បន្ទាប់ពីបានបង្ហាញរូបរាង Concept នៃរថយន្ត Suzuki Swift ជំនាន់ថ្មីរួចមក ពេលនេះ Suzuki បានប្រកាសចេញជាផ្លូវការនូវរថយន្ត Swift ស៊េរីឆ្នាំ២០២៤ សម្រាប់ទីផ្សារក្នុងស្រុក។
រថយន្ត Hatchback ជំនាន់ថ្មីនេះមានរូបរាងមិនសូវខុសពីប្រភេទ Concept ប៉ុន្មានឡើយ ទាំងការឌីហ្សាញខាងក្នុង និងខាងក្រៅ។ ការឌីហ្សាញថ្មី លើរថយន្ត Swift ជំនាន់ថ្មីមានតុបតែងដោយអំពូលភ្លើង LED រាងស្រួចៗ អមជាមួយផ្ទាល់ប៉ាណារូបរាងថ្មីផងដែរ។
សម្រាប់ការផ្លាស់ប្ដូរផ្នែកខាងក្នុងវិញ គឺវាមានអេក្រង់កម្សាន្ត Touch ទំហំ ៩អ៊ីញ នៅចំកណ្ដាល មានប្រព័ន្ធម៉ាស៊ីនត្រជាក់ទំនើបដូចជាម៉ូដែល Suzuki ដទៃ ហើយហ្វ្រាំងដៃវិញត្រូវបានប្ដូរចេញ និងបានជំនួសមកវិញដោយហ្វ្រាំងអេឡិចត្រូនិក។
រថយន្ត Swift ស៊េរីឆ្នាំ២០២៤ បានពង្រឹងលើមុខងារសុវត្ថិភាពដោយមានមុខងារជាច្រើនរួមមានរ៉ាដារលកសញ្ញា កាមេរ៉ាមើលបានឆ្ងាយ និង Sensor Ultrasonic ដែលអាចជួយពង្រឹងភាពខ្លាំងនៃប្រព័ន្ធសុវត្ថិភាព Suzuki Safety Support ADAS។ វាក៏មានកាមេរ៉ាអាចមើលជុំវិញ ៣៦០ដឺក្រេ, មានមុខងារ Blind-spot Monitoring និងមុខងារ Rear Cross-traffic Alert ផងដែរ។
រថយន្តជំនាន់ថ្មីនេះមានចេញលក់ជាបីប្រភេទរួមមានប្រភេទ XG, ប្រភេទ Hybrid MX និងប្រភេទ Hybrid MZ ដោយប្រភេទ XG មានម៉ាស៊ីន៣ស៊ីឡាំង ចំណុះ ១,២លីត្រ ខណៈដែលលក្ខណៈសម្បត្តិនៃប្រភេទ Hybrid ទាំងពីរ មិនទាន់មានព័ត៌មានបញ្ចេញពី Suzuki នៅឡើយទេ។ យ៉ាងណា រថយន្តទាំងបីប្រភេទនេះ ប្រើប្រាស់ប្រអប់លេខ CVT ថ្មី និងមានជម្រើសប្រព័ន្ធបើកបរ 2WD ជាមួយ 4WD។
តាមផែនការ រថយន្ត Suzuki Swift ជំនាន់ថ្មី ដែលចេញលក់នៅជប៉ុនមុនគេក្នុងឆ្នាំ២០២៤ បន្ទាប់មកទើបនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ដោយតម្លៃ ព្រមជាមួយលក្ខណៈសម្បត្តិលម្អិត នឹងប្រកាសចេញពេលជិតចេញលក់៕