[ទីផ្សារបរទេស] គិតមកទល់ពេលនេះគឺទើបតែ ៤ឆ្នាំប៉ុណ្ណោះ ដែល Ferrari បានបង្ហាញចេញរថយន្ត Hybrid ដំបូងរបស់ខ្លួន ម៉ូដែល SF90 ហើយពេលនេះវាអាចលក់ដាច់បានច្រើនជាងឡានម៉ាស៊ីនធម្មតារបស់ Hybrid បាត់ទៅហើយ។
គិតចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ Ferrari អាចលក់រថយន្ត Hybrid បាន ៥១% នៃចំនួនលក់សរុប ដែលវាមានការកើនឡើង ៤៣% ធៀបនឹងត្រីមាសទីពីរនៃឆ្នាំនេះ។ បើធៀបនឹងពេលមួយឆ្នាំមុនវិញ រថយន្ត Hybrid គឺមានចំណែកត្រឹម ១៩% ប៉ុណ្ណោះ។
បញ្ជាក់ថា រថយន្ត Purosangue ដែលបច្ចុប្បន្នមានតែជម្រើសម៉ាស៊ីន V12 គឺកំពុងតែស្ថិតក្នុងការផលិត ហើយដោយសារតែ Ferrari ព្យាករណ៍ថាវានឹងមានចំណែក ២០% នៃចំនួនលក់របស់ Ferrari នៅឆ្នាំក្រោយ ដូចនេះរថយន្តម៉ាស៊ីនធម្មតាអាចនឹងក្ដោបក្ដាប់ចំនួនលក់ច្រើនជាងវិញ ដរាបណារថយន្ត Purosangue មិនទាន់មានជាប្រភេទ Hybrid។
សម្រាប់រថយន្ត Purosangue នៅមិនទាន់មានការបញ្ជាក់ពី Ferrari ថានឹងមានជាប្រភេទ Hybrid ឬយ៉ាងណានោះទេ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថារថយន្តអគ្គិសនីដំបូងរបស់ខ្លួន នឹងត្រូវប្រកាសចេញនៅឆ្នាំ២០២៥ ហើយ ៤០% នៃម៉ូដែលរថយន្តដែលខ្លួនដាក់លក់នឹងជាប្រភេទដែលប្រើថាមពលអគ្គិសនី៕