[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla សម្រេចបានសមិទ្ធិផលថ្មីលើទឹកដីអឺរ៉ុប ដោយអាចលក់ចេញរថយន្តបាន ១លានគ្រឿង បន្ទាប់ពីឈានជើងចូលទឹកដីនេះបាន ១៤ឆ្នាំ។
រថយន្ត Tesla ដំបូងដែលលក់នៅអឺរ៉ុប គឺជារថយន្ត Roadster ជំនាន់ទីមួយ ប៉ុន្តែ Tesla ចាប់ផ្ដើមជោគជ័យក្រោយបញ្ចេញលក់រថយន្ត Model S និងរថយន្ត Model X ហើយកាន់តែជោគជ័យខ្លាំងគឺនៅពេលប្រកាសចេញលក់រថយន្ត Model 3 និង Model Y លើទឹកដីអឺរ៉ុបជាផ្លូវការ។
គួរដឹងថា Tesla Model Y គឺជារថយន្តលក់ដាច់ជាងគេនៅទ្វីបអឺរ៉ុប ចំនួន៦ខែ ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៣នេះ គិតត្រឹមតែកញ្ញា ដោយវាបានយកឈ្នះរថយន្តម៉ាស៊ីនសាំង និងរថយន្តដទៃទៀតដែលមានតម្លៃធូរថ្លៃជាង។
ទិន្នន័យថ្មីដែលផ្សាយដោយ Auto News បានបង្ហាញថា Tesla Model Y ចំនួន ២៦ ៧៣០គ្រឿង អាចលក់ចេញនៅខែកញ្ញា នៅទូទាំងអឺរ៉ុប ដែលនាំមុខរថយន្ត Peugeot 208 បានយ៉ាងងាយ ជាមួយចំនួនលក់ ២១ ១១១គ្រឧង និងរថយន្ត Renault Clioដែលលក់បាន ១៩ ៧៣១គ្រឿង។
សរុបរយៈពេល៩ខែនៃឆ្នាំ២០២៣ Tesla Model Y អាចលក់ចេញបាន ១៨០ ៧២១គ្រឿង នាំមុខ Dacia Sandero ដែលលក់បាន ១៦៦ ៦៧៥គ្រឿង, VW T-Roc លក់បាន ១៥៥ ៩៧២គ្រឿង, Peugeot 208 លក់បាន ១៤៧ ០៩១គ្រឿង និង Renault Clio លក់បាន ១៤១ ៩៤១គ្រឿង៕