[ទីផ្សារបរទេស] បន្ទាប់ពីរង់ចាំអស់រយៈពេល ៤ឆ្នាំ នៅទីបំផុត Tesla បានបញ្ជាក់ពីកាលបរិច្ឆេទនៃការដឹកជញ្ជូនជាលើកដំបូងសម្រាប់រថយន្តភីកអាប់អគ្គិសនី Cybertruck ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៣០ ខែវិច្ឆិកា។
Tesla បានធ្វើការប្រកាសដំណឹងនេះនៅក្នុងឳកាសប្រកាសចេញលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទីបី។ មុនការប្រកាសនេះ នាយកប្រតិបត្តិ Tesla លោក Elon Musk បាននិយាយកាលពីខែមេសាថាការដឹកជូនអតិថិជននឹងចាប់ផ្ដើមនៅត្រីមាសទីបី ប៉ុន្តែច្បាស់ណាស់ថាអ្វីដែលលោកលើកឡើងមិនបានក្លាយជាការពិតឡើយ។
របាយការណ៍ហិរញ្ញវត្ថុ Tesla បានបញ្ជាក់ថារថយន្ត Cybertruck បច្ចុប្បន្ននេះកំពុងស្ថិតក្នុងការផលិតសាកល្បង និងមានទំហំផលិត ១២ម៉ឺនគ្រឿងក្នុងមួយឆ្នាំនៅរោងចក្រ Texas Gigafactory។ លោក Elon Musk បន្ថែមថា Tesla សង្ឃឹមថានឹងអាចផលិតបាន ២៥ម៉ឺនគ្រឿង ដោយអាចនឹងធ្វើបាននៅឆ្នាំ២០២៥។
ត្បិតថាកាលបរិច្ឆេទនៃការដឹកត្រូវបានប្រកាស ប៉ុន្តែ Tesla មិនបាននិយាយអំពីតម្លៃរបស់ Cybertruck ឡើយ។ ពេលប្រកាសចេញដំបូងនៅចុងឆ្នាំ២០១៩ រថយន្តភីកអាប់នេះបានប្រកាសជាមួយតម្លៃចាប់ពី ៣៩ ៩០០ដុល្លារ ឡើងរហូតដល់ ៦៩ ៩០០ដុល្លារ។
ប៉ុន្តែតម្លៃនេះបានបាត់ពីវិបសាយ Tesla ក្នុងឆ្នាំ២០២១ និងមិនមានការនិយាយអំពីតម្លៃចាប់តាំងពីពេលនោះមក។ ជាងនេះទៅទៀត លក្ខណៈសម្បត្តិចុងក្រោយនៃរថយន្ត Cybertruck ក៏នៅតែជាមន្ទិលនៅឡើយដែរ៕