យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Panasonic របស់ប្រទេសជប៉ុន កំពុងស្វែងរកការទិញដីនៅសហរដ្ឋអាមេរិកសម្រាប់រោងចក្រដ៏ធំមួយ ដើម្បីផលិតអាគុយរថយន្តអគ្គិសនីប្រភេទថ្មី ដើម្បីផ្គត់ផ្គង់ឲ្យទៅក្រុមហ៊ុន Tesla Inc។
គេហទំព័រ NHK បានរាយការណ៍ថា ក្រុមហ៊ុន Panasonic កំពុងសម្លឹងមើលការសាងសង់រោងចក្រ ដែលចំណាយអស់ជាច្រើនពាន់លានដុល្លារ ទាំងនៅក្នុងរដ្ឋ Oklahoma ឬ Kansas ដែលស្ថិតនៅជិតរដ្ឋ Texas ជាកន្លែងដែល Tesla កំពុងរៀបចំរោងចក្រផលិតរថយន្តអគ្គីសនីថ្មី។
ទោះបីជាយ៉ាងណាក៏ដោយ NHK មិនបានផ្តល់ពេលវេលាជាក់លាក់ សម្រាប់គម្រោងរបស់ Panasonic នៅសហរដ្ឋអាមេរិកនោះទេ។
ក្រុមហ៊ុនផ្គត់ផ្គង់អាគុយដ៏យូរសម្រាប់ Tesla ខាងលើបាននិយាយថា ខ្លួនគ្រោងនឹងចាប់ផ្តើមផលិតលក្ខណៈទ្រង់ទ្រាយធំនៃប្រភេទអាគុយ lithium-ion ថ្មីសម្រាប់ Tesla នៅមុនដំណាច់ខែមីនា ឆ្នាំ ២០២៤ ជាមួយនឹងខ្សែផលិតកម្មថ្មីចំនួន២ នៅរោងចក្រ Wakayama ភាគខាងលិចប្រទេសជប៉ុន។
គួរឲ្យដឹងដែរថា អាគុយប្រភេទថ្មីនោះគឺ ជាអាគុយទ្រង់ទ្រាយ 4680 (ទទឹង ៤៦ មីល្លីម៉ែត្រ និង កម្ពស់ ៨០ មីល្លីម៉ែត្រ) មានទំហំធំជាង ៥ ដងនៃអាគុយដែលផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុន Tesla បច្ចុប្បន្ន មានន័យថា ក្រុមហ៊ុន Tesla នឹងអាចកាត់បន្ថយថ្លៃដើមផលិតកម្ម និងធ្វើឲ្យរថយន្តរបស់ខ្លួនកាន់តែប្រសើរ៕