រថយន្ត Ford F-150 Lightning គឺជារថយន្តភីកអាប់អគ្គិសនីដ៏លេចធ្លោមួយរបស់ Ford ដែលវាបានបង្ហាញវត្តមានលើកដំបូងកាលពីពាក់កណ្ដាលឆ្នាំ២០២១។ លើទីផ្សារសហរដ្ឋអាមេរិក រថយន្តនេះបច្ចុប្បន្នមានលក់តម្លៃចាប់ពី៥ម៉ឺនដុល្លារឡើងទៅ។
សម្រាប់រថយន្តនេះដែរ ប្រសិនបើនាំចូលមកកាន់ទីផ្សារសហរដ្ឋអាមេរិក នឹងត្រូវចំណាយលើពន្ធនាំចូលតិចជាងរថយន្តប្រើប្រាស់ម៉ាស៊ីនសាំង។ បើតាមវិបសាយរបស់ក្រុមហ៊ុននាំចូលរថយន្តពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាឈ្មោះថា Auto US Direct បានបង្ហាញអំពីតម្លៃពន្ធសម្រាប់រថយន្ត F-150 Lightning ស៊េរីឆ្នាំ២០២៣ ប្រភេទ Platinum AWD ដែលមានអត្រាពន្ធនាំចូលប្រមាណ ២១ ៥០០ដុល្លារ។
F-150 Lightning ស៊េរីឆ្នាំ២០២៣ ប្រភេទ Platinum AWD មួយគ្រឿងខាងលើនេះជារថយន្តដែលធ្លាប់មានម្ចាស់រួច ហើយមានតម្លៃដើម ៨៤ ៥០០ដុល្លារ លើទីផ្សារអាមេរិក។ គួរដឹងថាសម្រាប់ប្រភេទ Platinum នេះ គឺមានតម្លៃចាប់ពី ៩២ ០០០ដុល្លារ ពេលស្ថិតនៅសភាពថ្មីចេញពីរោងចក្រ។
បើគិតតម្លៃដើមនៃរថយន្ត បូករួមនឹងតម្លៃពន្ធនាំចូល រួមជាមួយថ្លៃចំណាយផ្សេងៗទៀត តម្លៃរបស់រថយន្ត F-150 Lightning ស៊េរីឆ្នាំ២០២៣ ប្រភេទ Platinum AWD ពេលមកដល់ប្រទេសកម្ពុជាគឺស្មើនឹងប្រមាណ ១១៨ ០០០ដុល្លារ៕