បើយោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មបានថ្លែងទៅកាន់សន្និសីទមួយកាលពីថ្ងៃចន្ទថាក្រុមហ៊ុន Apple Inc ចង់ឱ្យប្រទេសឥណ្ឌាមានចំណែករហូតដល់ ២៥ភាគរយនៃផលិតកម្មរបស់ខ្លួនពី ៥ ភាគរយទៅ ៧ ភាគរយដែលមាននៅពេលឥឡូវនេះ ខណៈដែលក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះបន្តផ្លាស់ប្តូរការផលិតរបស់ខ្លួនអោយឆ្ងាយពីប្រទេសចិន។
លោក Piyush Goyal បាននិយាយថា “Apple, វាជារឿងជោគជ័យមួយបន្ថែមទៀត” ដោយបានលើកយកប្រទេសឥណ្ឌាជាទិសដៅផលិតកម្មប្រកួតប្រជែង “ពួកគេមានប្រហែល ៥-៧% នៃផលិតកម្មរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌារួចហើយ។ ប្រសិនបើខ្ញុំមិនច្រឡំទេ ពួកគេកំពុងកំណត់គោលដៅផលិតរហូតដល់ ២៥% ។ ពួកគេបានចេញលក់នូវម៉ូដែលថ្មីៗពីប្រទេសឥណ្ឌា ដែលជាកន្លែងផលិតនៅក្នុងប្រទេសឥណ្ឌា”។ ប៉ុន្តែលោក Goyal មិនបាននិយាយថា Apple ចង់សម្រេចគោលដៅនៅពេលណានោះទេ។
ក្នុងនោះ លោក Ashwini Vaishnaw រដ្ឋមន្ត្រីក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌា ក៏បានបង្ហោះសារកាលពីថ្ងៃចន្ទថា ការនាំចេញរបស់ក្រុមហ៊ុន Apple ពីប្រទេសឥណ្ឌា បានកើនឡើងដល់ ១ ពាន់លានដុល្លារក្នុងខែធ្នូ។
ការបិទ និងការរឹតបន្តឹងទាក់ទងនឹងកូវីដរបស់ប្រទេសចិន និងការកើនឡើងនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន បានជះឥទ្ធិពលដល់ផែនការរបស់ក្រុមហ៊ុន Apple ក្នុងការផ្លាស់ប្តូរផលិតកម្មទៅកន្លែងផ្សេងទៀត។
អ្នកវិភាគ J.P.Morgan បានប៉ាន់ប្រមាណកាលពីឆ្នាំមុនថា មួយភាគបួននៃផលិតផល Apple ទាំងអស់នឹងត្រូវបានផលិតនៅខាងក្រៅប្រទេសចិននៅត្រឹមឆ្នាំ២០២៥៕