ក្រុមហ៊ុនតូយ៉ូតាបានធ្វើការកំណត់នូវចំនួននៃការបញ្ជាទិញនូវរថយន្តរថយន្ត Lexus ម៉ូឌែលថ្មីនៅក្នុងទីផ្សារប្រទេសជប៉ុន។ ដោយព័ត៌មានលម្អិតនៃការផ្លាស់ប្តូរដែលបានចែករំលែកទៅកាន់អ្នកចែកចាយបង្ហាញថាតូយ៉ូតា បានធ្វើការកំណត់លើការបញ្ជាទិញលើរថយន្ត Lexus ចំនួន ៩ម៉ូដែលផ្សេងៗគ្នានៅក្នុងទីផ្សារកំណើតរបស់ខ្លួន ហើយបានកំណត់ចំនួននៃការបញ្ជាទិញដែលបានបែងចែកទៅឱ្យឈ្មួញនីមួយៗ ដោយចំនួននៃការបញ្ជាទិញដែលមានសម្រាប់អ្នកចែកចាយនីមួយៗមានភាពខុសគ្នា ហើយនៅពេលដែលយានយន្តដែលបានបែងចែកទាំងអស់ត្រូវបានលក់អស់ នោះមិនអាចធ្វើការបញ្ជាទិញទៀតទេ។
ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើង ក៏ដោយសារតែកង្វះខាតនៃសមាសធាតុសំខាន់ៗមួយចំនួន ដោយរួមទាំងបន្ទះឈីបដែល ត្រូវបានគេរំពឹងថានឹងអូសបន្លាយបន្តមកដល់ឆ្នាំ២០២៣។
ក្រុមហ៊ុន Toyota មិនបានបញ្ជាក់អំពីពេលវេលាដឹកជញ្ជូនដែលរំពឹងទុកសម្រាប់ម៉ូដែល Lexus ថ្មីៗរបស់ខ្លួននោះទេ ដោយគ្រាន់តែគេដឹងថាវេលាដឹកជញ្ជូនម៉ូឌែល LS 500 នឹងស្ថិតនៅចន្លោះពី ៣ ទៅ ៤ ខែ ខណៈដែលការដឹកជញ្ជូន LS 500h គឺចាប់ពី ៣ ទៅ ៣,៥ ខែ។ ក្រុមហ៊ុនតូយ៉ូតាកំពុងលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យទាក់ទងជាមួយអ្នកចែកចាយសម្រាប់ពេលវេលានៃ ការដឹកជញ្ជូននៃម៉ូដែលផ្សេងទៀត។ ក្រុមហ៊ុនផលិតរថយន្តក៏បានបង្ហាញផងដែរថា ការបញ្ជាទិញរថយន្តស៊េរីថ្មី LX 600 និង NX 450h+, NX 350h, NX 350 និង NX 250 នៅតែផ្អាក។
និយាយទៅកាន់ Nikkei Asia អ្នកចែកចាយរថយន្ត Lexus បាននិយាយថា រថយន្តជាច្រើន “នឹងត្រូវចំណាយពេលយ៉ាងតិចប្រាំមួយខែ” ដើម្បីចែកចាយ៕