ក្រុមហ៊ុនផលិតរថយន្តចិន Guangzhou Automobile Group (GAC) បាននិយាយកាលពីថ្ងៃចន្ទថា ការបណ្តាក់ទុនរួមគ្នារបស់ខ្លួនជាមួយក្រុមហ៊ុន Honda Motor ក្នុងការផលិតរថយន្ត Acura គឺនឹងលែងផលិត ឬលក់ផលិតផលក្រោមម៉ាកយីហោ Acura របស់ក្រុមហ៊ុនជប៉ុនទៀតហើយ។
ប៉ុន្តែហក្រុមហ៊ុន GAC នឹងបន្តផ្តល់សេវាកម្មក្រោយការលក់ដល់អតិថិជន Acura នៅក្នុងប្រទេសចិន តាមរយៈបណ្តាញរបស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។ ក្រុមហ៊ុននេះក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reutersថា ការបណ្តាក់ទុនរួមគ្នានឹងបន្តផលិតម៉ាកហុងដាផ្សេងទៀត។
Acura គឺជាម៉ាករថយន្តបរទេសទីពីរដែលបានចាកចេញពីប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ នៅក្នុងខែតុលា GAC បាននិយាយថាខ្លួនកំពុងបិទការបណ្តាក់ទុនរួមគ្នាជាមួយ Stellantis ដែលផលិតរថយន្ត Jeep បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់រថយន្ត Jeep នៅក្នុងប្រទេសចិនក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ។
ក្រុមហ៊ុន GAC-Honda ដែលបានចាប់ផ្តើមផលិតរថយន្ត Acura ក្នុងឆ្នាំ ២០១៦ នៅក្នុងប្រទេសចិន លក់បានតែ ៦ ៥៥៤ គ្រឿងក្នុងប្រទេសចិនក្នុងឆ្នាំ ២០២១ ធ្លាក់ចុះ ៤៥ ភាគរយធៀបនឹងឆ្នាំមុន៕