សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Apple Inc កំពុងរៀបចំដើម្បីចាប់ផ្តើមផលិត បន្ទះឈីបសម្រាប់ឧបករណ៍របស់ខ្លួនពីរោងចក្រដែលកំពុងសាងសង់នៅរដ្ឋអារីហ្សូណា (Arizona) ក្នុងសហរដ្ឋអាមេរិក។
របាយការណ៍បាននិយាយថាក្រុមហ៊ុនក៏អាចពង្រីកការផ្គត់ផ្គង់បន្ទះសៀគ្វីរបស់ខ្លួនពីរោងចក្រនៅអឺរ៉ុបផងដែរ ដោយយោងតាមការកត់សម្គាល់របស់នាយកប្រតិបត្តិ Tim Cook នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយក្នុងប្រទេសអាល្លឺម៉ង់ជាមួយវិស្វករក្នុងស្រុក និងបុគ្គលិកលក់រាយ។
យោងតាមរបាយការណ៍នេះ លោក Tim Cook ទំនងជាសំដៅទៅលើរោងចក្រ Arizona ដែលនឹងដំណើរការដោយក្រុមហ៊ុន Taiwan Semiconductor Manufacturing Co ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ក្រុមហ៊ុន Apple ។
កាលពីឆ្នាំមុន TSMC បាននិយាយថា ខ្លួនបានចាប់ផ្តើមសាងសង់នៅកន្លែងមួយក្នុងរដ្ឋ Arizona ដែលខ្លួនគ្រោងនឹងចំណាយប្រាក់ចំនួន ១២ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះសៀគ្វីកុំព្យូទ័រ ហើយគ្រោងនឹងចាប់ផ្តើមការផលិតបន្ទះឈីបដោយប្រើប្រាស់បច្ចេកវិទ្យាផលិតកម្មទំហំ ៥ណាណូម៉ែត្រនៅឆ្នាំ២០២៤។
កាលពីដើមខែនេះ TSMC ក៏បាននិយាយផងដែរថាខ្លួនកំពុងសាងសង់អគារដែលអាចបម្រើជារោងចក្រផលិតបន្ទះឈីបទីពីររបស់ខ្លួននៅក្នុងរដ្ឋ Arizona ។ គួរបញ្ជាក់ថាសហរដ្ឋអាមេរិកបាន និងកំពុងលើកទឹកចិត្តដល់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសឱ្យផលិតនៅក្នុងប្រទេស ហើយបានគាំទ្រយ៉ាងសកម្មនូវការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការផលិតក្នុងស្រុក បន្ទាប់ពីបានអនុម័តច្បាប់ CHIPS របស់ខ្លួន៕