[ទីផ្សារបរទេស] លោក Elon Musk នាយកប្រតិបត្តិ Tesla បានច្រានចោលការចុះផ្សាយដែលអះអាងថាក្រុមហ៊ុន Tesla នឹងដឹកជញ្ជូនរថយន្ត Tesla ផលិតនៅចិន យកលក់នៅសហរដ្ឋអាមេរិក។
តាមការចុះផ្សាយរបស់ Reuters ដែលអះអាងថាបានជួបនិយាយជាមួយមនុស្សពីរនាក់ដែលបានដឹងពីផែនការនាំចេញនេះ បានឲ្យដឹងថា Tesla នឹងចាប់ផ្ដើមនាំចេញរថយន្តដែលផលិតនៅចិនទៅកាន់សហរដ្ឋអាមេរិកឆាប់ៗ ដោយសារការឡើងថ្លៃនៃរថយន្តផលិតនៅអាមេរិក និងការរីកធំនៃទំហំផលិតនៅប្រទេសចិន រួមទាំងការថយចុះតម្រូវការសម្រាប់រថយន្តផលិតនៅចិនជាដើម។
បុគ្គលដែលមិនបញ្ចេញឈ្មោះបានប្រាប់ Reuters ថា Tesla កំពុងធ្វើការស៊ើបអង្កេតមើលថាតើគ្រឿងបន្លាស់ដែល Tesla ប្រើជាមួយរថយន្តផលិតនៅចិន បានអនុលោមទៅតាមច្បាប់សហរដ្ឋអាមេរិក។ ប្រសិនបើអនុលោមតាមនោះក៏អាចបើកច្រកទ្វារសម្រាប់ការនាំចេញទៅប្រទេសកាណាដាផងដែរ។
ជុំវិញព័ត៌មាននេះ លោក Elon Musk បានធ្វើការច្រានចោលដោយថាវាជាដំណឹងមិនពិត ដោយលោកបានបង្ហោះសារខ្លីមួយលើគណនី Twitter ថា “មិនពិត” និងមិនបានបកស្រាយអ្វីវែងឆ្ងាយឡើយ៕