កាលពីថ្ងៃចន្ទកន្លងទៅក្រុមហ៊ុន YouTube របស់ក្រុមហ៊ុន Alphabet Inc បាននិយាយថាខ្លួននឹងធ្វើការពង្រីកមធ្យោបាយសម្រាប់អ្នកផ្សាយពាណិជ្ជកម្មដើម្បីទៅដល់អ្នកស្តាប់តន្ត្រី Podcast និងអ្នកមើលនៅលើទូរទស្សន៍ដែលបានភ្ជាប់។
ការប្រកាសនេះកើតឡើងនៅពេលដែលឧស្សាហកម្មផ្សាយពាណិជ្ជកម្មបានជួបការលំបាកចំពេលមានអតិផរណាខ្ពស់ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលឱ្យម៉ាកយីហោមួយចំនួនដកថវិកាទីផ្សារមកវិញ។
លោកស្រី Debbie Weinstein អនុប្រធានដំណោះស្រាយអ្នកផ្សាយពាណិជ្ជកម្មសកលសម្រាប់ Google និង YouTube បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ចំណុចនេះបាននាំឱ្យអ្នកផ្សាយពាណិជ្ជកម្មក្លាយជា “Laser Focused” លើប្រភេទទីផ្សារដែលនឹងទៅដល់អតិថិជនថ្មី និងជំរុញការលក់ផលិតផល។
ក្នុងនោះ YouTube បាននិយាយថា ខ្លួននឹងពង្រីកការផ្សាយពាណិជ្ជកម្មជាអូឌីយ៉ូ(Audio)នៅទូទាំងពិភពលោក ដើម្បីអនុញ្ញាតឱ្យម៉ាកយីហោផ្សេងៗធ្វើទីផ្សារទៅកាន់អ្នកដែលប្រើប្រាស់ YouTube ដើម្បីស្តាប់តន្ត្រី ឬ Podcast។
ក្រុមហ៊ុនបាននិយាយថា ទោះបីជា YouTube ត្រូវបានគេស្គាល់ថាល្អសម្រាប់ការមើលវីដេអូក៏ដោយ វេទិកានេះក៏វេទិកាសេវាកម្មពេញនិយមបំផុតទីពីរសម្រាប់ការស្តាប់ Podcast ផងដែរ។
ជាក់ស្តែង វេទិកានេះក៏នឹងលក់កញ្ចប់ថ្មីនៃកន្លែងផ្សាយពាណិជ្ជកម្មដែលមានឈ្មោះថា “Moment Blast” ដែលនឹងអនុញ្ញាតឱ្យម៉ាកយីហោមានទីតាំងជាក់លាក់លើមាតិកាពេញនិយមបំផុតមួយចំនួននៅលើ YouTube ដោយម៉ាកយីហោអាចទិញកញ្ចប់ដើម្បី “ធ្វើជាម្ចាស់” ដូចជាព្រឹត្តិការណ៍កីឡា ឬការសម្ពោធផលិតផលជាដើម៕