[សហរដ្ឋអាមេរិក] ក្រសួងការពារជាតិអាមេរិកបានបន្ថែមក្រុមហ៊ុនចិនជាច្រើនទៀត រួមទាំងក្រុមហ៊ុនផលិត Drone ដ៏ល្បី DJI Technology និងក្រុមហ៊ុនផលិតឧបករណ៍ Zhejiang Dahua Technology ទៅក្នុងបញ្ជីខ្មៅដែលដាក់ពួកគេឱ្យជាប់បម្រាមវិនិយោគសម្រាប់ជនជាតិអាមេរិក។
BGI Genomics Co Ltd ដែលដំណើរការជាធនាគារទិន្នន័យហ្សែនដ៏ធំ និងមានកិច្ចសន្យា DNA-sequencing ជាមួយក្រុមហ៊ុនសុខភាព និងសាកលវិទ្យាល័យនានាទូទាំងពិភពលោក ហើយ CRRC Corp ដែលចូលរួមក្នុងការផលិត និងលក់ឧបករណ៍ដឹកជញ្ជូនផ្លូវដែកក៏ស្ថិតក្នុងចំណោមក្រុមហ៊ុន ១៣ ដែលបានបន្ថែមទៅក្នុងបញ្ជីផងដែរ។
កាលពីឆ្នាំមុន ការពិនិត្យឡើងវិញរបស់ Reuters លើឯកសារវិទ្យាសាស្ត្រ និងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបានរកឃើញថា BGI បានបង្កើតឧបករណ៍ធ្វើតេស្ត ដោយសហការជាមួយយោធាចិន ហើយកំពុងប្រើប្រាស់វាដើម្បីប្រមូលទិន្នន័យហ្សែនសម្រាប់ការស្រាវជ្រាវលើលក្ខណៈនៃចំនួនប្រជាជន។
ក្រុមហ៊ុនចិនចំនួន ៥០ ដែលរាប់បញ្ចូលទាំងក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ Huawei ត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកកាលពីខែមិថុនាឆ្នាំមុន។
នៅពេលនោះ លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលហាមឃាត់អង្គភាពរបស់សហរដ្ឋអាមេរិក ពីការវិនិយោគនៅក្នុងក្រុមហ៊ុនចិនរាប់សិប ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងទៅនឹងវិស័យការពារជាតិ ឬវិស័យបច្ចេកវិទ្យាឃ្លាំមើល។
ក្នុងនោះ បទបញ្ជានេះមានគោលបំណងរារាំងការវិនិយោគរបស់សហរដ្ឋអាមេរិកពីការគាំទ្រដល់ឧស្សាហកម្មយោធា-ឧស្សាហកម្មរបស់ចិន ក៏ដូចជាកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកយោធា និងសន្តិសុខ។
ដោយវាគឺជាផ្នែកមួយនៃជំហានដ៏ទូលំទូលាយរបស់លោក Biden ដើម្បីទប់ទល់នឹងប្រទេសចិន រួមទាំងការពង្រឹងសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិក និងការស្វែងរកការវិនិយោគក្នុងស្រុកដ៏ធំ ដើម្បីជំរុញការប្រកួតប្រជែងសេដ្ឋកិច្ចរបស់អាមេរិក ខណៈប្រទេសទាំងពីរកំពុងកើនឡើងសេដ្ឋកិច្ចកាន់តែប្រគួតប្រជែង៕