ផលិតកម្ម Big Hit Entertainment ដែលក្រុមហ៊ុនចម្រៀង K-pop បុរសដ៏ល្បីឈ្មោះ BTS ច្រៀងឲ្យ ទទួលបានប្រាក់ចំនួន ៩៦៣លានវ៉ុន (៨៤០លានដុល្លារ) ពី ៧,១៣លានភាគហ៊ុនដែលបានបោះផ្សាយថ្មី ធ្វើឲ្យវាក្លាយជាការបោះផ្សាយមូលបត្រលក់ IPO ធំបំផុតរបស់កូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០១៧ មក។
ភាគហ៊ុនរបស់ក្រុមហ៊ុន Big Hit Entertainment ខាងលើ បានចាប់ផ្តើមទិញលក់កាលពីថ្ងៃព្រហស្បតិ៍ ធ្វើឲ្យម្ចាស់ផលិតកម្ម គឺ លោក Bang Shi-hyuk ក្លាយជាមហាសេដ្ឋីថ្មីបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។
ភាគហ៊ុនបានបើកលក់ក្នុងតម្លៃ ២៧០ ០០០វ៉ុន លើសពីតម្លៃ IPO ១៣៥ ០០០ វ៉ុនក្នុងមួយភាគហ៊ុន ដែលជំរុញឲ្យការវាយតម្លៃរបស់ Big Hit Entertainment ដល់ជាង ៩ទ្រីលានវ៉ុន។
លោក Bang ដែលមានអាយុ ៤៨ឆ្នាំ ហើយបច្ចុប្បន្នមានភាគហ៊ុនត្រឹមតែ ៣៥% ឥឡូវនេះមានទ្រព្យសម្បត្តិសរុប ចំនួន ៣,២ពាន់លានដុល្លារ។ នេះបើយោងតាមការប៉ាន់ស្មានដោយគេហទំព័រ Forbes។
គួរឲ្យដឹងថា សមាជិកទាំង ៧នាក់របស់ក្រុម BTS ដែលមានអាយុខ្ទង់ ២០ឆ្នាំ ក៏បានក្លាយខ្លួនជាសេដ្ឋី (multi-millionaires) ដែលមានទ្រព្យសម្បត្តិខ្ទង់លានដុល្លារដែរ៕