កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Lexus LX 700h ដែលជាប្រភេទរថយន្ត SUV ខ្នាតធំ ប្រើប្រាស់ប្រព័ន្ធថាមពលកូនកាត់ Hybrid ជាលើកដំបូងរបស់ខ្លួន ហើយគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅចុងឆ្នាំ ២០២៤ នេះ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
ចំពោះរថយន្ត Lexus LX 700h ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៥ ១០០ ម.ម ទទឹង ១ ៩៩០ ម.ម កម្ពស់ ១ ៨៩៥ ម.ម ទម្ងន់ ២ ៨៥០ គ.ក និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ដំណើរការដោយប្រព័ន្ធថាមពលកូនកាត់ Parallel Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 ជំនួយដោយ Twin-Turbo និងភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ និងប្រព័ន្ធបើកបរប៉ុង២ Full-Time 4WD ខណៈកម្លាំងក្រុមហ៊ុននៅមិនទាន់បង្ហាញនៅឡើយទេ ។
ដើម្បីប្រាកដថា LX នៅតែជារថយន្តផ្តោតទៅលើការបើកបរ Off-Road ក្នុងនោះ Lexus បានបង្កើតរចនាសម្ព័ន្ធមិនជ្រាបទឹក (Waterproof Structure) ដើម្បីការពារថ្មអាគុយ ក៏ដូចជាម៉ូទ័រអគ្គិសនី និងមានសមត្ថភាពបើកបរក្នុងជម្រៅទឹក ៧០០ ម.ម ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងមុខ-ក្រោយជាស្តង់ដារ រួមទាំងថាសកង់ស្ព័រទំហំ ២០ ដល់ ២២អ៊ីញ រួមជាមួយសំបកកង់ប្រភេទ Off-Road អាចបើកបរបានគ្រប់ស្ថានភាពផ្លូវផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញថ្មី ក៏ដូចជាកៅអីខាងមុខឌីស្សាញថ្មី កន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងប្រអប់លេខថ្មីប្រភេទ Electro-Shiftmatic system ជាលើកដំបូងផងដែរ ៕